ដោយសម្លឹងឃើញពីភាពប្រឈមនឹងបញ្ហាជាច្រើនដែលតែងកើតមានឡើងពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងលើវិស័យពាណិជ្ជនៅក្នុងតំបន់អាស៊ានទាំងមូលនោះ កាលពីម្សិលមិញនេះ មន្ត្រីជំនាញមកពីបណ្តាប្រទេសនានា ដែលជាសមាជិគអាស៊ានបានមកជួបជុំគ្នា ដើម្បីធ្វើការពិគ្រោះយោបល់ស្វែងរកដំណោះស្រាយដ៏ល្អប្រសើរ ដោយផ្តើមពីការរៀបចំបង្កើតជាស្ថាប័នផ្លូវការ ដែលមានតម្លាភាពក្នុងការគ្រប់គ្រងក្រុមហ៊ុនពាណិជ្ជកម្មនានា លើការប្រកួតប្រជែងស្ថិតនៅក្រោមច្បាប់ និងតាមគោលការទីផ្សារសេរី ស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបទបញ្ញត្តិនានាដែលបានចែងទុកផងដែរ ។
លោក គឹម មាសសុខសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានកាំកុងត្រូល និងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការបង្កើតឱ្យមានកិច្ចជំនួបនេះ ក៏ព្រោះតែកន្លងមកយើងតែងសង្កេតឃើញកើតមាននូវបញ្ហាមួយចំនួន ដែលអាចជះឥទ្ធិពលទៅដល់បណ្តាក្រុមហ៊ុនមួយចំនួន ដែលខ្វះលទ្ធភាព និងបទពិសោធន៍។ ប៉ុន្តែបន្ទាប់ពីបានឆ្លងកាត់កិច្ចពិភាក្សាគ្នាយ៉ាងលម្អិតពីសំណាក់អ្នកជំនាញ យើងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ឈានដល់ការរៀបចំបង្កើតស្ថាប័ន និងតាក់តែងច្បាប់ប្រកួតប្រជែងរបស់ខ្លួន ដើម្បីអនុវត្តប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងតំណាក់កាលលើកដំបូង។