ក្រុមហ៊ុនចំនួនបី គ្រោងចំណាយប្រាក់ ១០ប៊ីលានដុល្លារបង្កើតទីក្រុងរណបចំនួន ២នៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនពហុជាតិចំនួនបី គ្រោងវិនិយោគទឹកប្រាក់ ១០ប៊ីលានដុល្លារអាមេរិក ដើម្បីបង្កើតទីក្រុងរណបចំនួនពីរនៅកម្ពុជា ដែលមានមូលដ្ឋាននៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ចាម។

យោងតាមសេចក្តីប្រកាសព៌តមានដែលបានចែកជូនអ្នកសារព៌តមាន ដែលបានចែកជូនបណ្តាញអ្នកសារព៌តមានកាលពីម្សិលម៉ិញបានឲ្យដឹងថា ក្រុមហ៊ុនចំនួនបីនោះរួមមាន ក្រុមហ៊ុនឆៃណា ប៉ៃជីង របស់សាធារណៈរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន Zhuhai New Century របស់វៀតណាម និងក្រុមហ៊ុនរដ្ឋសាឌី Development របស់កម្ពុជា។ ក្រុមហ៊ុនទំាង៣ បានចុះកិច្ចព្រមព្រៀមជាមួយគ្នានៅរាជធានីភ្នំពេញ។

លោកឧកញ៉ា ហួត ឌី នាយកក្រុមហ៊ុនរដ្ឋសាឌី Development បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញថា ក្នុងពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងបង្កើតទីក្រុងរណបចំនួន២ ដែលមានទីតំាងនៅខេត្តកណ្តាលមួយកន្លែង និងខេត្តកំពង់ចាមមួយកន្លែង លើទំហំផ្ទៃដីនៃទីក្រុងថ្មីទំាងពីរជិត២ម៉ឺនហិកតា។ លោកឧកញ៉ាបន្តទៀតថា ទីក្រុងរណបទំាងពីរនេះ គ្រោងនឹងចំណាយថវិកាប្រមាណជាង១០ប៊ីលានដុល្លារសហរដ្ឋអាមេរិក ដែលគ្រោងចាប់ផ្តើមឆាប់ៗខាងមុខនេះ។

លោកឧកញ៉ា ហួត ឌី បន្តទៀតថា ពេលទីក្រុងរណបទំាងពីរនេះដំណើរការ នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ពលរដ្ឋកម្ពុជា ពិសេសគឺកំណើនសេដ្ឋកិច្ចពលរដ្ឋកម្ពុជាផ្ទាល់តែម្តង ដូចនេះលោកឧកញ៉ាសំណូមពរឱ្យបណ្តាដៃគូរផ្សេងៗទៀត ពិសេសគឺមន្ត្រីរាជរដ្ឋាភិបាលមេត្តា ជួយសហការជាមួយនឹងក្រុមហ៊ុនវិនិយោគទំាង៣ ដែលទទួលសិទ្ធពីរាជរដ្ឋាភិបាល ក្នុងការជួយបង្កលក្ខណៈឱ្យមានភាពរលូន ដើម្បីបង្កើតទីក្រុងរណបទំាងពីរនៅកម្ពុជានេះ ទទួលបានភាពជោគជ័យ។

ប្រធាននាយកដ្ឋានរដ្ឋបាលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោកសារ សំបូរ បានលើកឡើងថា ការបង្កើតទីក្រុងរណបនេះជាតម្រូវការ និងការចង់បានរបស់ពលរដ្ឋកម្ពុជា ក៏ដូចជាការចង់បានរបស់​រជរដ្ឋាភិបាលកម្ពុជាផងដែរ ដូចនេះឯកឧត្តមស្នើឱ្យក្រុមហ៊ុនទំាង៣ រួមសហការគ្នាបង្កើតទីក្រុងរណបថ្មីនេះឱ្យទទួលបានភាពជោគជ័យ ដើម្បីផលប្រយោជន៍ពលរដ្ឋកម្ពុជាក្នុងសម័យថ្មី។

គម្រោងសាងសង់ទីក្រុងរណបថ្មីទំាងពីរនេះ គ្រោងនឹងបង្កើតក្នុងអំឡុងឆ្នាំ២០១៨ឆាប់ៗខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here