ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គិតចាប់តាំងពីឆ្នាំ២០១៦ រហួតដល់ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាមានចំនួនសរុបរហូតដល់ប្រមាណ២២,៥ ពាន់លានដុល្លារ ទៅលើ៨១៣គម្រោង នៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍នៅក្នុងពិធីបើកវេទិកាវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាលើកទី២ ក្រោមប្រធានបទ «ការកំណត់ដំណាក់កាលសម្រាប់កំណើន» នៅសណ្ឋាគារសូហ្វីតែល កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា តាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ការវិនិយោគពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ មាន ៨១៣ គម្រោង មានទុនវិនិយោគសរុបប្រមាណ ២២,៥ ពាន់លានដុល្លារ ក្នុងនោះគម្រោងទេសចរណ៍ និងផ្នែកពាក់ព័ន្ធមានចំនួន ៣៨ គម្រោង ដែលមានទុនវិនិយោគប្រមាណជាង ៩ ពាន់លានដុល្លា។
ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩ ការវិនិយោគក្នុងវិស័យទេសចរណ៍មានកើនឡើងគួរឲ្យកត់សំគាល់ប្រមាណ ៤៧ ភាគរយ ដោយឡែក ៨ខែ ឆ្នាំ២០១៩ នេះ ការវិនិយោគលើវិស័យទេសចរណ៍មានការកើនឡើងយ៉ាងគំហុករហូតដល់ ៩៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨។
ជាការត្រៀមលក្ខណៈទទួលទេសចរអន្តរជាតិ ១៥លាននាក់ នៅឆ្នាំ២០៣០ រាជរដ្ឋាភិបាលមានគម្រោងកែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ រៀបចំធ្វើពិពិធកម្មផលិតផល និងគោលដៅទេសចរណ៍ថ្មីៗ និងប្លែកៗ ជាមួយ ការពង្រឹង គុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកទេសចរណ៍ ដោយផ្តោតលើជំនាញ។
ជាពិសេស ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការរៀបចំបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ ទីក្រុងទេសចរណ៍ស្អាត និងបៃតងប្រកបដោយភាពទាក់ទាញ ទេសចរណ៍តំបន់ឆ្នេរ/កោះ មជ្ឈមណ្ឌល វិស្សមកាល និង កីឡាទេសចរណ៍ សួនកំសាន្តកុមារ ទេសចរណ៍សត្វព្រៃ សណ្ឋាគារប្រណីតៗលំដាប់ផ្កាយ៤ ផ្កាយ៥ ភោជនីយដ្ឋាន លំដាប់ខ្ពស់ ផ្សារលក់ទំនិញទំនើបៗ ។ល។
ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ កំពង់ផែទេសចរណ៍ និងអាកាសយានដ្ឋាននៅតំបន់គោលដៅទេសចរណ៍មួយចំនួន គឺជាមូលដ្ឋានគ្រឹះ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ស្របតាមទស្សនទាន បដិវត្តឧស្សាហកម្ម ៤.០។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រៅពីតំបន់សៀមរាបអង្គរ ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ យើងក៏មានតំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ជាច្រើនកន្លែងទៀតនៅទូទាំងប្រទេស ដែលតំបន់ទាំងអស់នេះមានសក្តានុពលសម្រាប់ធ្វើការវិនិយោគក្នុងវិស័យទេសចរណ៍។
ជាងនេះទៀត រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយគោរពយ៉ាងម៉ត់ចត់ដល់បរិស្ថានឆ្នេរ ដោយហេតុថាតំបន់ឆ្នេរសមុទ្រនឹងនាំមកនូវផលប្រយោជន៍គ្រប់បែបយ៉ាងដល់ប្រជាជននៅទីនោះ រាប់ចាប់ពីទេសចរណ៍ កសិកម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។
រាជរដ្ឋាភិបាលក៏បានចាត់តាំងបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ ដោយបាននិងកំពុងយកចិត្តទុកដាក់លើគម្រោងអភិវឌ្ឍតំបន់ឆ្នេរ ឆ្នេរ/កោះគំរូ ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងបៃតង ហើយបន្តកិច្ចខិតខំគ្រប់គ្រងឆ្នេរខ្សាច់ អភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងការទទួលខុសត្រូវ៕