Xiamen Airline អាកាសចរណ៍ចិនធំមួយចាប់ផ្តើមហោះមកភ្នំពេញ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Airline បានភ្ជាប់ការហោះហើរត្រង់ រវាងទីក្រុង​ Xiamen​ ប្រទេស​ចិន​មកកាន់រាជធានីភ្នំពេញជាសញ្ញាសុទិដ្ឋិនិយមសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវ​លីន បានថ្លែងឲ្យដឹង តាមទូរស័ព្ទកាលពីល្ងាចថ្ងៃ ទី៣០ មករានេះថា ក្រុមហ៊ុននេះ បានសម្រេចបើកជើងហោះហើរមកកម្ពុជា កាលពីថ្ងៃទី២៨ មករាកន្លងមកនេះ ហើយបាន​បើក​សម្ភោធកាលពីល្ងាចថ្ងៃទី២៩ មករា។ លោកស្រីបន្តថា ក្រុមហ៊ុនអាកាសចរណ៍ Xiamen Airline ជាក្រុមហ៊ុនធំមួយ ដែលមានបំរើសេវាកម្មពេញលេញ ដែលយើងជាវិស័យឯកជននឹងគាំទ្រសេវាកម្មរបស់គាត់។

លោកស្រីបន្តថា “ការមកដល់របស់ក្រុមហ៊ុននេះ នឹងនាំមកនូវអ្នក​​ទេសចរណ៍ចិន និងអ្នកជំនួញចិនកាន់តែច្រើនថែមទៀតនៅកម្ពុជា និងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនថែមទៀត”។ លោកស្រីបន្ថែមថា “យើងរំពឹងថា ការហោះហើររបស់ក្រុមហ៊ុននេះ នឹងមាននិរន្តរភាព ហើ​យយើងនឹងគាំទ្រ និងជួយផ្សព្វផ្សាយពីអាកាសចរណ៍នេះ”។

តាមកាលវិភាគក្រុមហ៊ុននេះ នឹងហោះហើរត្រង់ពីទីក្រុង Xiamen មកកាន់ទីក្រុងភ្នំពេញ ចំនួន៤លើកក្នុងមួយសប្តាហ៍។

ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គលេខាធិកាសមាគមជាតិទេសចរណ៍កម្ពុជាបានថ្លែងថា តាម​រយៈ​យុទ្ឋសាស្រ្តបើកចំហជើង មេឃរបស់សម្តេចតេជោ វិស័យអាកាសចរណ៍នៅកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ជាង៤០ក្រុមហ៊ុនហើយ ដែលបានភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា។លោ​កកបន្តថា តាមរយៈគោលនយោបាយនេះ ក៏ផ្តល់នូវកាលានុវត្តន៍ភាពដ៏សំខាន់ ដែលបានទាក់ទាញអ្នកវិនិយោគចិនជាច្រើន មកវិស័យនៅកម្ពុជាលើវិស័យជាច្រើន រួមមានវិស័យហេដ្ឋារចនាសម្ព័ន្ឋ ទេសចរណ៍ និងវិស័យអចលវត្ថុជាដើម។

លោកបន្តថា “ការហោះហើរត្រង់នេះ ជាសញ្ញាល្អសម្រាប់កម្ពុជា​ហើយលោករំពឹងថា កម្ពុជានឹងសម្រេចទទួលបានភ្ញៀវទេសចរណ៍ចិន​២លាននាក់នៅឆ្នាំ២០២០ តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍​”។ លោកបន្តថា “ការតភ្ជាប់នេះ ជាការតភ្ជាប់តំបន់វប្បធ៌មនៃប្រទេ​សទាំងពីរ ដែលនឹងរួមចំណែកដល់ការអភិរ័ក្ស និងអភិវឌ្ឍន៍វប្បធ៌មផង​ដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here