យ៉ាងយូរបំផុតនៅត្រឹមអំឡុងខែវិច្ឆិកា ឆ្នាំ2017 ឆាប់ៗខាងមុខនេះ ខេត្តមណ្ឌលគីរី នឹងត្រូវបានកែប្រែមុខមាត់ថ្មី ដែលពោរពេញទៅដោយសោភ័ណ្ឌភាព និងស័ក្ដិសមជាតំបន់ទេសចរណ៍គួរជាទីទាក់ទាញប្រចាំភូមិភាគឦសាននៃប្រទេស ជាមួយនឹងការបង្កើតនូវសួនកម្សាន្តឧទ្យានដ៏ធំលើកដំបូងបង្អស់មិនធ្លាប់មាន ។ សម្រាប់ការបង្កើតឱ្យមានឧទ្យានកម្សាន្តដ៏ធំជាប្រវត្តិសាស្ត្រប្រចាំខេត្តមួយនេះ គឺជាការចំណាយថវិកាពីសំណាក់រាជរដ្ឋាភិបាលក្នុងការសាងសង់ សរុបប្រមាណជាង3លានដុល្លារ នៅលើផ្ទៃដីប្រមាណ20ហិកតា ដែលជាទីតាំងអតីតព្រលានយន្តហោះប្រចាំខេត្តនេះ ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។
ជាមួយនឹងសេចក្ដីសម្រេចពីសំណាក់រាជរដ្ឋាភិបាលទៅលើការអភិវឌ្ឍបង្កើតឱ្យមានតំបន់កម្សាន្តខាងលើនេះ លោក យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង ក៏បានធ្វើការស្នើដល់អជ្ញាធរខេត្ត ក៏ដូចជាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ទាំងអស់ជួយសម្របសម្រួលចូលរួមពន្លឿនគម្រោងសាងសង់ ជាមួយនឹងការស្វែងរកកូនរុក្ខជាតិ ក៏ដូចជាដើមឈើដែលជាការសម្គាល់ពីអត្តសញ្ញាណរបស់ខេត្ត ក៏ដូចជារបៀបរបបនៃការរៀបចំទាំងឡាយណាដែលអាចបញ្ជាក់ពីប្រពៃណី ទំនៀម ទម្លាប់ របស់បងប្អូនជនជាតិភាគតិចផងដែរ ។