សណ្ឋាគារខ្ពស់ជាងគេតំបូងគេនៅរាជធានីភ្នំពេញបានប្តូរឈ្មោះហើយ

0

ដោយគង់ សូរិយា
​ភ្នំពេញ សណ្ឋាគារកម្រិតផ្កាយប្រាំ ខ្ពស់ជាងគេលើកតំបូងនៅរាជធានីភ្នំពេ ញIntercontinental Hotel បានសម្រេចប្តូរឈ្មោះជាផ្លូវការហើយ ចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៨នេះ។


​សណ្ឋាគារកំពស់១៥ជាន់ និងបានប្រើប្រាស់Franchise លំដាប់ពិភពលោ​កគឺIntercontinental រយៈពេលប្រមាណ២០ឆ្នាំកន្លងមកនេះ បានប្តូរមកជាឈ្មោះសណ្ឋាគារGreat DUKEវិញ។ សណ្ឋាគារនេះ មានទីតាំងនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីរ៉េត និងមហាវិថីម៉ៅ សេទុង ពោលគឺស្ថិតនៅភាគខាងត្បូងផ្សារដើមគរ សព្វថ្ងៃនេះ។


​នាយកផ្នែកលក់នៃសណ្ឋាគារនេះកញ្ញាសេង គីមស័របានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣១ មករានេះថា សណ្ឋាគារនេះបានសម្រេចប្តូរឈ្មោះចាប់ពីថ្ងៃទី១ កុម្ភៈខាងមុខនេះ ដោយម្ចាស់សណ្ឋាគារនេះបានសម្រេច​ប្រើប្រាស់ឈ្មោះ ដែលបង្កើតដោយខ្លួនឯង ប៉ុន្តែសេវាកម្មទាំងអស់នៅសណ្ឋាគារកម្រិតផ្កាយប្រាំដ៏ប្រណីតនេះ គឺរក្សានៅដដែល និងរក្សាបាននូវសន្តិសុខ និងសេវាកម្មពេញលេញដូចពីមុន។

​កញ្ញាបន្តថា “ខ្ញុំគិតថាការប្តូរឈ្មោះនេះ មិនប៉ះពាល់ដល់អាជីវកម្មសណ្ឋា​គារនេះនោះទេ ព្រោះគ្រប់សេវាកម្មនៅតែរក្សាគុណភាពដើម និងមានលក្ខណៈពិសេសដែលច្នៃប្រឌិតឡើងដោយអ្នកវិនិយោគសណ្ឋាគារនេះ”។កញ្ញាបន្តថា “អ្វី​
ដែលយើងផ្តោតខ្លាំងនៅទីនេះ គឺសេវាកម្មសន្តិសុខ និងសេវាកម្មផ្សេងៗទៀតជាសេវាកម្មលំដាប់ពិភពលោក ដើម្បីផ្តល់ឲ្យអ្នកស្នាក់នៅមានផាសុខភាព និងទទួ​លអារម្មណ៍ថា ការស្នាក់នៅសណ្ឋាគារនេះ ទទួលបាននូវបទពិសោធន៍ដ៏ល្អ សម្រាប់ជីវិត”។

​សណ្ឋាគារនេះបានបើកដំណើរការកំឡុងឆ្នាំ១៩៩៥ ឬ១៩៩៦ សណ្ឋាគារនេះមានកំពស់១៥ជាន់ និងមានបន្ទប់សរុបចំនួន៣៤៥បន្ទប់។

​ជាន់ក្រោមដីនៃសណ្ឋាគារនេះជាហាងលក់ទំនិញតូចៗ ជាន់ទី១ ជាភោជនី​យដ្ឋាន បន្ទប់ប្រជុំ កន្លែងទទួលភ្ញៀវ។ ជាន់ទី២ ជាការិយាល័យសម្រាប់ជួល និងជាទីតាំងសម្រាប់ប្រជុំធំ។ ជាន់ទី៣ ជាកន្លែងហាត់ប្រាណ អាងហែលទឹក និង​បន្ទប់ប្រជុំផងដែរ។ (មិនមានជាន់ទី៤) ចំណែកជាន់ទី៥ ជាអាផាតម៉ិន ដែលមាន​បន្ទប់ធំៗ សម្រាប់ជួល និងចាប់ពីជាន់ទី៦ដល់ជាន់ទី១៥ ជាបន្ទប់សណ្ឋាគារដែល​មានសរុបចំនួន៣៤៥បន្ទប់។

​លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា សណ្ឋាគារនេះមានសេវាកម្មល្អប្រសើរ ហើយមានកេរ្ត៍ឈ្មោះល្អ ដោយសារសណ្ឋាគារនេះ អាចទទួលមេដឹកនាំពិភពលោកធំៗ ចូលរួមកិច្ចប្រជុំធំៗនៅរាជធានីភ្នំពេញ និងស្នាក់នៅក្នុងសណ្ឋាគារនេះ។ ហេតុនេះ គុណភាព សេវាកម្មសណ្ឋាគារនេះមានស្តង់ដាលំដាប់ពិភពលោក ដែលមានការទទួលខុសត្រូវនិងស្របតាមស្តង់ដាអន្តរជាតិ។

​នៅពេលសួរពីការប្តូរឈ្មោះសណ្ឋាគារនេះអាចប៉ះពាល់ដល់ទំនុកចិត្ត និងអាជីវកម្មសណ្ឋាគារនេះឬទេ លោកហូ វណ្ឌីបានបដិសេធមិនអត្ថាធិប្បាយ៕
​លោកធួន ស៊ីណានប្រធានសមគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងថា ការផ្លាស់ប្តូរឈ្មោះសណ្ឋាគារនេះ ប្រហែលមិនប៉ះពាល់ដល់អាជីវកម្ម​របស់ គាត់ធ្ងន់ធ្ងរនោះទេ ដោយសារសណ្ឋាគារនេះ ពឹងផ្អែកលើសេវាកម្មពីរដ្ឋាភិបាល​ច្រើន ប៉ុន្តែស្របពេលការប្រកួតប្រជែងកើនឡើង ក្នុងរាជធានីភ្នំពេញ អាចធ្វើឲ្យការលក់បន្ទប់មិន​បានតម្លៃដើមនោះទេ ព្រោះបើគាត់លែងប្រើប្រាស់ឈ្មោះIntercontinental ការលក់បន្ទប់អាចមានតម្លៃធ្លាក់ចុះជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here