ក្រុមវិនិយោគិនអាមេរិកកំពុងស្វែងរកឱកាសវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រតិភូវិនិយោគមួយក្រុម ដែលមកទីក្រុងឡូសអេនជេលេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញពីចំណាប់អារម្មណ៍ និងស្វែងរកឱកាសវិនិយោគលើវិស័យនានាជាច្រើននៅកម្ពុជា ដែលក្នុងនោះរួមមានដូចជាវិស័យទេសចរណ៍ វិស័យថាម​ពលជាដើម។

គណៈប្រតិភូវិនិយោគ និងទេសចរណ៍ ដែលមានចំណាប់អារម្មណ៍ជាមួយកម្ពុជានៅពេលនេះ បានដឹកនាំដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងលោក Norman Arikawa តំណាងកំពង់ផែ LA Port ដើម្បីជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លោកសូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា ក្នុងកិច្ចពិភាក្សាកាលការងារ និងស្វែងយល់ពីសក្ដានុពល នៃការវិនិយោគជាមួយប្រតិភូមកពីអាមេរិកកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានបង្ហាញពីវឌ្ឍនភាពលើវិស័យទេសចរណ៍ ក៏ដូចជាគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយនេះ ឱ្យរីកចម្រើនឈានឡើង សំដៅធ្វើយ៉ាងណាប្រែក្លាយកម្ពុជា ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញខ្ពស់។

លោកបានបន្តថា ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានលើកបង្ហាញពីបរិយាកាស និងគោលនយោបាលលើកទឹកចិត្ត ដល់ការវិនិយោគក្នុងវិស័យទេសចរណ៍ ដូចជាការដាក់ចេញគោលនយោបាយ និងលើកចិត្តឱ្យមានការបង្កើតតំបន់ទេសចរណ៍ពិសិដ្ឋ គេហ​ដ្ឋានទីពីរ (Second Home) និងគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាព ស្របតាមទស្សនទាន «ស្អាត និងបៃតង»។

ឆ្លងកាត់កិច្ចជំនួបពិភាក្សាការងាររួច ក្រុមហ៊ុនវិនិយោគធំៗរបស់អាមេរិក បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង មកលើសក្តានុពលទេសចរណ៍កម្ពុជា ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមជាមួយចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ក្នុងការសម្រេចកំណើនទេសចរឱ្យបានប្រមាណ៧លាននាក់ក្នុងឆ្នាំ២០២០ និងប្រមាណ១៥លាននាក់ក្នុងឆ្នាំ២០៣០ ដែ​លត្រូវការការវិនិយោគលើវិស័យហេដ្ឋារចនាសម្ពន្ធ ផលិតផលទេសចរណ៍ ក៏ដូចជាធន​ធានមនុស្សក្នុងវិស័យទេសចរណ៍ជាដើម។

ក្រសួងទេសចរណ៍ បានបង្ហាញពីសក្ដានុពលទាក់ទាញខ្ពស់ នៅតាមប៉ូលទេសច​រណ៍សំខាន់ៗរបស់កម្ពុជា មានដូចជារាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ-ភូមិភាគនិរតី និងតំបន់ភូមិភាគឦសាន ដែលកំពុងត្រូវការការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីបន្ថែមទៀត។ ជាមួយគ្នានោះ ក្រុមអ្នកវិនិយោគមកពីអាមេរិកនេះ ក៏បានបង្ហាញពីគោលបំណងចង់បណ្ដាក់ទុនវិនិយោគ លើផ្នែកសណ្ឋាគារលំដាប់ខ្ពស់ ការវិនិ​យោគលើវិស័យថាមពល ពិសេសថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជាថាម​ពលព្រះអាទិត្យ និងយានជំនិះប្រើប្រាស់អ៉ីដ្រូហ្សែនជាដើម។

រយៈពេល៩ខែ នៃឆ្នាំ២០១៩នេះ ភ្ញៀវទេសចរមកពីអាមេរិកមានប្រមាណជាង ១៧ម៉ឺននាក់ ស្ថិតក្នុងចំណាត់ថ្នាក់ទី៦នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here