ក្រុមហ៊ុនចិនគ្រោងវិនិយោគអគ្គិសនី ចេញពីសំរាម និងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅប៉េកាំង

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រុមហ៊ុន Zhongde Waste Technology (ZDWT) ដែលជាក្រុមហ៊ុនផលិតថាមពលអគ្គិសនី ចេញពីការដុតសំរាមដ៏ទំនើបមួយ នៅក្នុងប្រទេសចិនមានបំណងវិយោគក្នុងប្រទេសកម្ពុជា និងគ្រោងបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងប៉េកាំង។

លោក Chen Zefeng ប្រធានក្រុមហ៊ុន ZDWT បានថ្លែងក្នុងជំនួបជាមួយ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា​លោកប៉ាន សូស័ក្តិកាលពីម្សិលម៉ិញនេះថា ក្រុមហ៊ុន ZDWT បានវិនិយោគលើការផលិតអគ្គិសនី ចេញពីការដុតសំរាមនេះមានរយៈពេលជាង២០ឆ្នាំមកហើយ។ បច្ចុប្បន្នក្រុមហ៊ុនបានពង្រីករោងចក្រផលិតអគ្គិសនីចេញពីការដុតសំរាម មានទាំងខ្នាតតូច និងធំ នៅតាមខេត្តជាច្រើននៅក្នុងប្រទេសចិន ព្រមទាំងមានដៃគូសហការជាមួយប្រទេសជាច្រើន ដូចជា៖ ប្រទេសជប៉ុន ឥណ្ឌា អាមេរិក អាឡឺម៉ង់។ល។

លោកបន្តថា ក្រុមហ៊ុនរបស់លោកមានបំណងមកវិនិយោគ គម្រោងផលិតថាមពលអគ្គិសនីចេញពីការដុតសំរាមនេះ នៅប្រទេសកម្ពុជា ហើយក៏ស្នើសុំបើកមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងប៉េកាំង ដោយសន្យាផ្តល់នៅទីតាំងសំរាប់ការបង្កើតមជ្ឈមណ្ឌលនេះ”។

លោករដ្ឋមន្ត្រី ប៉ាន សូស័ក្តិ បានសំដែងនូវការកោតសរសើរជាខ្លាំងចំពោះបច្ចេកវិទ្យាដ៏ទំនើបនេះ ដោយវាមិនត្រឹមតែជាមធ្យោបាយដ៏ល្អ ក្នុងការសំអាតសំរាមនិងបរិស្ថានប៉ុណ្ណោះទេ តែថែមទាំងជួយរួមចំណែកផ្គត់ផ្គង់បន្ថែមនូវថាម​ពលអគ្គិសនីផងដែរ។ លោករដ្ឋមន្ត្រីបានសន្យាថា នឹងជួយសម្របសម្រួលជូនលោកប្រធានក្រុមហ៊ុនទៅពិភាក្សា និងសិក្សាគម្រោងនេះ ព្រមទាំងធ្វើការលម្អិតជាមួយក្រសួងបរិស្ថានកម្ពុជា។ ចំណែកការស្នើសុំការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៉េកាំង លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបើកមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា ពិតជាការរួមចំណែកមួយយ៉ាងខ្លាំង ក្នុងការផ្សព្វ​ផ្សាយគោលនយោបាយវិនិយោគ ព័ត៌មាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងព័ត៌មានទាក់ទងទៅនឹងវិស័យផ្សេងៗទៀត ជូនប្រជាជនចិន និងអ្នកវិនិយោគចិនដែលមានបំណងទៅទេសចរណ៍ ឬវិនិយោគនៅប្រទេសកម្ពុជា។

លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នកម្ពុជាបានបើកមជ្ឍមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងស៊ីអាន និងទីក្រុងក្វាងចូវ ហើយនឹងបន្តបើកនៅតាមបណ្តាខេត្ត និងក្រុងមួយចំនួនទៀតនៅក្នុងប្រទេសចិន។ ចំពោះការសុំបង្កើតមជ្ឍមណ្ឌលពាណិ​ជ្ជកម្ម នៅទីក្រុងប៉េកាំង ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នឹងចាត់មន្ត្រីអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មកធ្វើការសិក្សាសិនមុននឹងធ្វើការសម្រេចជូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here