រដ្ឋមន្រ្តីពាណិជ្ជកម្មចិន កាន់តែផ្តល់ក្តីសង្ឃឹមដល់កសិករខ្មែរ

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្នុងជំនួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិនបានសន្យាសម្របសម្រួល លើការនាំចូលកសិផលពីកម្ពុជា​ឲ្យកាន់តែច្រើន តាមការស្នើសុំពីភាគីកម្ពុជា។

ជាការឆ្លើយតបនឹងសំណើរពីកម្ពុជា លោក Zhong Shan រដ្ឋមន្ត្រីពាណិជ្ជកម្មចិនបានលើកឡើង ក្នុងជំនួបជាមួយលោកប៉ាន សូស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិ​ជ្ជកម្មកម្ពុជាកាលពីម្សិលម៉ិញនេះថា ក្នុងនាមជាបងប្អូននឹងគ្នា ប្រទេសចិននឹងសម្របសម្រួលជាមួយផ្នែកពាក់ព័ន្ធ ពិសេសអាជ្ញាធរ AQSIQ ដើម្បីបង្កើនការនាំចូលកសិផលពីកម្ពុជាមកកាន់ទីផ្សារប្រទេសចិន។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យ e-Commerce និង ITC ភាគីទាំងពីរបានឯកភាព ឲ្យមន្រ្តីជំនាញធ្វើការលម្អិតជាមួយគ្នា និងដាក់ជូនរដ្ឋមន្ត្រីទាំងពីរជាអ្នកសម្រេច។

ជាមួយគ្នានេះលោករដ្ឋមន្ត្រីចិន បានស្នើកម្ពុជាជួយជំរុញឲ្យពាណិជ្ជករកម្ពុជាចូលរួមពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូល ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅទីក្រុងសៀងហៃ នៅខែវិច្ឆិកា ឆ្នាំ២០១៨។

ជាការឆ្លើយតប ឯកឧត្ដម ប៉ាន សូរស័ក្ដិ បានជម្រាបភាគីចិនថា កម្ពុជានឹងចូលរួមពិព័រណ៌ដ៏មានសារៈសំខាន់នេះ ដោយខិតខំជំរុញឲ្យមានអ្នកចូលរួមបានច្រើន ដើម្បីបង្ហាញផលិតផលខ្មែរ ដល់អន្តរជាតិឲ្យបានស្គាល់កាន់តែច្រើនថែមទៀត។

លោកប៉ាន សូរស័ក្ដិបានថ្លែងថា ក្រៅពីអង្ករដែលទទួលបានកូតានាំចូលប្រទេសចិនចំនួន៣០ម៉ឺនតោននៅក្នុងឆ្នាំ២០១៨នេះ កម្ពុជាមានកសិផលជាច្រើ​នទៀត ដូចជា ដំឡូងមី ពោត ចេក មៀន ស្វាយ ស្វាយចន្ទី កៅស៊ូ ។ល។ ដែលកំពុងសំឡឹងមើលទីផ្សារប្រទេសចិន សម្រាប់ធ្វើការនាំចេញ។ ចំពោះម៉្សៅដំឡូងមី ដែលកំពុងនាំចូលទីផ្សារប្រទេសចិន លោករដ្ឋមន្រ្តីបានស្នើឲ្យភាគីចិន ជួយសម្រួលយ៉ាងណា ដើម្បីឲ្យកម្ពុជាអាចនាំចូលទីផ្សារចិនបានកាន់តែច្រើន។

លោករដ្ឋមន្ត្រីក៏បានជម្រាបភាគីចិនផងដែរថា កម្ពុជានឹងជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែផុលផុសថែមទៀត តាមរយៈការតាំងពិព័រណ៌ពាណិជ្ជកម្ម ការរៀបចំវេទិកា និងជំនួបពាណិជ្ជកម្មនានា ព្រមទាំងការដោះដូរព៌តមានពាណិ​ជ្ជ​កម្មជាមួយភាគីចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here