អភិបាលខេត្តថា មិនមាន China Town នៅខេត្តព្រះសីហនុទេ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ស្របពេលប្រជាជនមូលដ្ឋាន បានហៅគំរោងអភិវឌ្ឍន៍មួយនៅឆ្នេរអូរត្រេស ខេត្តព្រះសីហនុថាជាChina Town អភិបាលខេត្តព្រះសីហនុបានបដិ​សេធការលើកឡើងនេះ។

លោកយន្ត មីនអភិបាលខេត្តព្រះសីហនុបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃម្សិលម៉ិញនេះថា មិនមានសំណើរផ្លូវការណាមួយមកកាន់រដ្ឋបាលខេត្ត និងរដ្ឋាភិបាលពីគំរោងវិនិយោគទីក្រុងចិន(China Town)នៅខេត្តព្រះសីហនុនោះទេ។ ការលើកឡើងថា មានគំរោង China Townនៅខេត្តព្រះសីហនុ ជារឿងមិនពិតទេ តែវាជាគំរោងអភិវឌ្ឍន៍មួយ ដែលពិតជាបានវិនិយោគដោយអ្នកវិនិយោគមកពី​ប្រទេសចិន។

លោកបន្តថា “បច្ចុប្បន្នខេត្តព្រះសីហនុ មានអ្នកវិនិយោគ និងអ្នកមកធ្វើការងារជាជនជាតិចិនស្នាក់នៅអចិន្រ្តៃយ៍ ក្នុងខេត្តប្រមាណ៥០០០នាក់ប៉ុណ្ណោះ”។លោកបន្តថា “តាមធម្មតានៅពេលមានមនុស្សច្រើន បញ្ហាជាច្រើននឹងកើតមាន​ជារឿងធម្មតា មិនមានអ្វីគួរឲ្យចម្លែកទេ ប៉ុន្តែអ្វីសំខាន់គឺអាជ្ញាធរអាចគ្រប់គ្រងបាន”។
បច្ចុប្បន្ននៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានរោងចក្រ សហគ្រា​សដែលវិនិយោគភាគច្រើន ដោយជនជាតិចិនជាង១៤០រោងចក្រ​ជាមួយនឹងទុនវិនិយោគជាង៣០០លានដុល្លារអាមេរិក និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ២០ម៉ឺននាក់។

ក្រៅការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងវិនិយោគលើវិស័យខុនដូជាច្រើនផងដែរ ដូចជា គំរោងរបស់ក្រុមហ៊ុនPrince Real Estate Group, The Blue Bay, The Sunshine Bay, ជាដើម។

ក្រៅពីវិនិយោគលើវិស័យខុនដូ អ្នកវិនិយោគចិនក៏បានវិនិយោគលើវិស័យ​កាស៊ីណូប្រមាណ២០ទីតាំង នៅក្នុងទីក្រុងព្រះសីហនុ ដែលជាតំបន់ឆ្នេរដ៏ស្រស់​ស្អាតរបស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here