ដោយ វុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិ បានជំរុញឲ្យវិនិយោគិនប៉ាគីស្ថាន ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀតដើម្បី ឲ្យជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើន។

-->
លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Amjad Ali Sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៩នេះ បានឲ្យដឹងទៀតថា កម្ពុជា-ប៉ាគីស្ថាន តែងតែគាំទ្រគ្នាទៅវិញទៅមក ជាពិសេសនៅក្នុងអាស៊ាន និងនៅលើឆាកអន្ដរជាតិ។ ចំពោះទំហំវិនិយោគពាណិជ្ជកម្មរវាងកម្ពុជា និងប៉ាគីស្ថានក្នុងមួយៗឆ្នាំមានទំហំទឹកប្រាក់ ៣០លានដុល្លារអាមេរិក។
លោកឧបនាយករដ្ឋមន្ដ្រីបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងដែលធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ និងមានភាពល្អប្រសើរឡើង។
លោកឧបនាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ប៉ាគីស្ថានគឺជាប្រទេសមួយដែលទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា តាំងពីឆ្នាំ១៩៥២មកម្ល៉េះ។
លោក Amjad Ali Sher ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានសម្ដែងការពេញចិត្តនូវការសហការបានយ៉ាងស្អិតរមួតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម រយៈពេលជាង ៦ឆ្នាំកន្លងមកនេះ ដែលប្រកបទៅដោយភាពជោគជ័យខ្ពស់។
លោកបន្ដថា ពីមួយឆ្នាំទៅឆ្នាំកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យគួរឲ្យកត់សម្គាល់។ ឯកអគ្គរដ្ឋទូតរូបនេះ បន្ថែមទៀតថា ប៉ាគីស្ថានប្ដេជ្ញាបន្ដផ្តល់ជំនួយដល់កម្ពុជាបន្ថែមទៀត លើទៅវិស័យជាច្រើនដល់កម្ពុជា ដែលមានវិស័យ កសិកម្ម វិស័យទេសចរ វិស័យពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀតជាច្រើន៕