ដោយ ប៊ី
ភ្នំពេញ៖ សហភាពអឺរ៉ុបជាទីផ្សារដ៏ធំជាងគេរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់នាំចេញ ស្របពេលភាគីទាំងពីរមានទំនាក់ទំនងពាណិជ្ជកម្មជាច្រើនជាមួយគ្នា។
ក្នុងខណៈជួបពិភាក្សាការងារជាមួយលោកជំទាវ ការមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានលើកឡើងថា ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបមានប្រវត្តិយូរគួរសម អស់ជាង២ទសវត្សមកហើយ ហើយភាគីទាំងពីរមានទំនាក់ទំនងពាណិជ្ជកម្មជាច្រើនជាមួយគ្នា។
លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បន្តថា “សហភាពអឺរ៉ុបបានជួយកម្ពុជាជាច្រើន ជាពិសេសលើស្តារប្រទេសជាតិ និងការងារកំណែទម្រង់នានា។ លោកជំទាវ បន្តថា “សហភាពអឺរ៉ុបជាទីផ្សារដ៏ធំជាងគេរបស់កម្ពុជា ជាពិសេសសម្លៀកបំពាក់នាំចេញ”។
លោកជំទាវ បានឱ្យដឹងទៀតថា “ជំនួយ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជានិងសហភាពអឺរ៉ុបជាកត្តាជម្រុញល្បឿន នៃការស្តារនិងអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានជោគជ័យ និងបានជួយលើកកម្ពស់ជីវវភាព របស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់”។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដាក់ក្តីសង្ឃឹមថា បេសកកម្មការទូតរបស់លោកជំទាវ នៅកម្ពុជា និងជួយជម្រុញទំនាក់ទំនងការទូត ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេរភាគី ឲ្យកាន់តែមានផ្លែផ្កា ប្រកបដោយសារៈសំខាន់ខ្លាំងឡើងថែមទៀត។
លោកជំទាវអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានសំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមួយនេះ ដែលធ្លាប់តែបែកបាក់ដោយសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍ ហើយលោកជំទាវបានទទួលស្គាល់ថា សន្តិភាពពិតជាមានតំលៃណាស់ បើគ្មានសន្តិភាព គឺមិនអាចមានអ្វីៗដូចសព្វថ្ងៃ ហើយយុវជន និងស្ត្រីវ័យក្មេង ក៏មិនអាចមានឱកាសមកដល់ពេលនេះបានឡើយ ។
ចុងបញ្ចប់លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រាប់ឲ្យឯកអគ្គរដ្ឋទូតបន្តការស្វែងយល់ពីស្ថានភាពពិតនៅកម្ពុជា ដែលកំពុងរក្សាបានស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល ហើយកំពុងធានាបាននូវកំណើនសេដ្ឋកិច្ច៧%ជារៀងរាល់ឆ្នាំ និងនាំមកនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ ៕