អស្ចារ្យ!!! ក្រុមហ៊ុនចិនប្រមាណ១០០ នឹងមកសិក្សាពីការធ្វើធុរកិច្ចនៅកម្ពុជា

0

ដោយ វុត្ថា

ភ្នំពេញ៖ កម្ពុជាស័ក្តិសមជាទឹកដីនៃការវិនិយោគ ខណៈប្រទេសនេះបានស្ថិតក្នុងក្រសែភ្នែកអ្នកធុរកិច្ចអន្តរជាតិ ជាក់ស្តែងមេដឹកនាំក្រុមហ៊ុនចិនចំនួន១០០ក្រុមហ៊ុនបន្ថែមទៀត កំពុងស្វែងរកឳកាសវិនិយោគនៅកម្ពុជា។

ប្រធានសហព័ន្ឋសមាគមឧស្សាហកម្មខេត្តក្វាងទុង លោក Gong Shaolin  កាលពីពេលថ្មីនេះ បានដឹកនាំប្រតិភូអ្នកវិនិយោគចិនមកទស្សនកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពល នៃកាវិនិយោគនៅកម្ពុជាបានឲ្យដឹងថា សមាជិករបស់សហព័ន្ធមានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ E-Commerce វិស័យទេសចរណ៍ និងកសិកម្ម ជាពិសេសចង់នាំយកអង្ករកម្ពុជាទៅដាក់លក់នៅក្នុងសណ្ឋាគារនានាក្នុងប្រទេសចិន។

លោក Gong Shaolin ក៏មានបំណងដឹកនាំគណៈប្រតិភូវិនិយោគចិនប្រមាណ១០០ក្រុមហ៊ុន មកទស្សនកិច្ចស្វែងយល់ពីការធ្វើធុរកិច្ចនៅកម្ពុជា។ ជា​មួយគ្នានោះ សមាជិកនៃសហព័ន្ឋសមាគមឧស្សាហកម្ម ខេត្តក្វាងទុង បានអញ្ជើ​ញឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ដើម្បីដឹកនាំប្រតិភូកម្ពុជា ចូលរួមវេទិកាឆ្នៃប្រឌិតថ្មី នៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការគាំទ្រជាខ្លាំង ដែលក្រុមហ៊ុនចិនមានបំណងវិនិយោគលើវិស័យ E-Commerce នៅកម្ពុជា ព្រោះថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងខិតខំជំរុញវិស័យនេះជាខ្លាំង។ ជាមួយគ្នានោះលោក បានជម្រាបភាគីចិនថា កម្ពុជាមានកសិផលជាច្រើន ដូចជា ផ្លែមៀន ស្វាយ ក្រូចឆ្មារ ស្វាយចន្ទី ដំឡូងមី ពោត កៅស៊ូ។ល។ ដែលផលិតផលទាំងនេះ ត្រូវការទីផ្សារ និងរោងចក្រកែច្នៃ ដើម្បីនាំចូលមកប្រទេសចិន។ ក្រៅពីនេះ វិស័យទេសចរណ៍កម្ពុជា ក៏ពោរពេញទៅដោយសក្តានុពលផងដែរ ដោយក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរបានមកកំសាន្តនៅកម្ពុជា សរុបចំនួនប្រមាណ៦ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួនប្រមាណ១លាននាក់។

លោកបន្តថា “ក្រសួងពាណិជ្ជកម្មនឹងរង់ចាំស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ប្រតិភូសហព័ន្ធសមាគមឧស្សាហកម្មខេត្តក្វាងទុង មកកាន់ប្រទេសកម្ពុជា ហើយនឹងជួយសម្របសម្រួលឲ្យប្រតិភូចិន បានជួបពិក្សាការងារជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ឋ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here