ដំណឹងរីករាយ៖ ក្រុមហ៊ុនជប៉ុន ១១៥៤ហើយ កំពុងវិនិយោគនៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាបានកើនឡើងដល់១១៤៥ក្រុមហ៊ុនហើយ បានវិនិយោគនៅកម្ពុជាគិតត្រឹមដំណាច់ឆ្នាំ២០១៧ កើនឡើងជាង១៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមកនេះ។

លោកអ៊ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ីដែល​ជាធនាគារដើរតួនាទី ជាអ្នកទូទាត់សាច់ប្រាក់ជាមួយក្រុមហ៊ុនជប៉ុន ដែលបានវិនិយោគភាគច្រើន​នៅកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី៥ កុម្ភៈនេះថា គិតត្រឹមដំណាច់ឆ្នាំ២០១៧កន្លងមកនេះ មានសាជីវកម្មធំៗជប៉ុនចំនួន៣៤៤ កើនឡើង១៩ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានសាជីវកម្មចំនួនត្រឹម២៨៩ និងក្រុមហ៊ុនលក្ខណៈឯកទកម្មចំនួន៨១០ កើនឡើង១៩,៤៤ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានក្រុមហ៊ុនឯកទជនចំនួនត្រឹម៦៧៨ក្រុមហ៊ុន។

លោកបន្តថា “ក្រុមហ៊ុនជប៉ុនវិនិយោគកាន់តែច្រើននៅកម្ពុជា និងវិនិយោគស្ទើរគ្រប់វិស័យ ទាំងភោជនីយដ្ឋាន សេវាកម្ម ធនាគារ សណ្ឋាគារ ខុនដូ អាផាតម៉ិនជាដើម”។លោកបន្តថា “មុនមកវិនិយោគនៅកម្ពុជា ជប៉ុនសិក្សាយូរណាស់ ហើយនៅពេលពួកគេ ទៅវិនិយោគនៅប្រទេសណាហើយ ពួកគេមិនងាយចាកចេញនោះទេ”។

លោកអ៊ិន ចាន់នីបានបន្តថា មុនទៅវិនិយោគនៅប្រទេសណាមួយ អ្នកវិនិយោគអន្តរជាតិតែងសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ទី១ កត្តាសន្តិភាព និងស្ថិរភាពនយោបាយ ទី២ កត្តាសេដ្ឋកិច្ច គឺសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនរយៈពេ​លវែង និងរ៉ឹងមាំ និងទី៣ កត្តាស្ថិរភាពសង្គមរយៈពេលវែង ហើយកម្ពុជាមានកត្តាសំខាន់ៗទាំងបីនេះ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងស្រដៀងគ្នាថា ការចូលមកវិនិយោគនៅកម្ពុជា ពីសំណាក់ក្រុមហ៊ុនជប៉ុនកាន់តែច្រើនជារឿង​ល្អប្រសើរណាស់ ព្រោះពួកគេសិក្សាពីកត្តាច្បាប់វិនិយោគ ច្បាប់ពន្ឋ និងបទបញ្ញត្តជាច្រើនទៀត ទើបពួកគេមកវិនិយោគ បើពួកគេរកឃើញថា ច្បាប់​និងបទបញ្ញត្តផ្សេងៗដែលកម្ពុជាផ្តល់ជូនមានភាពអំណោយផល។

លោកបន្តថា “ជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ឆ្លុះបញ្ចាំងពីទំនុក​ចិត្តក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមា​នភាពល្អប្រសើរ”។លោកបន្តថា “ជប៉ុនបានវិនិយោគលើមូលដ្ឋានសំខាន់ៗ សំ​រា​ប់ការស្នាក់នៅ និងវិនិយោគរយៈពេលវែងនៅកម្ពុជារួចហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here