ខ័ណ្ឌសែនសុខនឹងក្លាយជាតំបន់ពាណិជ្ជកម្មធំទី៥នៃក្រុងភ្នំពេញ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ បន្ទាប់ពីខ័ណ្ឌធំៗ ដែលជាតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុង ខ័ណ្ឌសែនសុខកំពុង តែមានភាពលេចធ្លោចាប់ពីដើមឆ្នាំ២០១៧កន្លងមកនេះ ដោយ​សារលក្ខខ័ណ្ឌល្អប្រសើរមួយចំនួន។

ខ័ណ្ឌធំៗទាំងបួនកណ្តាលក្រុងភ្នំពេញ រួមមាន ខ័ណ្ឌចំការមន ដូនពេញ មករា និងខ័ណ្ឌទួលគោក ជាតំបន់មួយដែលសម្បូរ ដោយមជ្ឈមណ្ឌលពាណិជ្ជ​កម្ម ប៉ុន្តែបច្ចុប្បន្នខ័ណ្ឌសែនសុខ កំពុងលេចធ្លោមួយបន្ថែមទៀត។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៦ មករានេះថា ខ័ណ្ឌសែនសុខ ពិតជាមានការីកចម្រើនលឿន ដោយសារមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋានជាច្រើនបានវិនិយោគនៅតំបន់នោះ។ ខ័ណ្ឌនេះមានលក្ខខ័ណ្ឌអំណោយផលល្អ ដូចជា ទី១ ហេដ្ឋារចនាសម្ព័ន្ឋកំពុងអភិវឌ្ឍន៍ និងមានភាពល្អប្រសើរ សណ្ឋានដី ល្អ មិនចាំបាច់ចំណាយលើការចាក់ដី សម្រាប់អភិវឌ្ឍន៍ ទី៣ ជាតំបន់ដែលមិនមានការបំពុល ដោយសារតំបន់នេះមិនមានរោងចក្រ សហគ្រាសនានាឡើយ។

លោកបន្តថា “លក្ខខ័ណ្ឌអំណោយផលទាំងនេះ បានធ្វើឲ្យខ័ណ្ឌសែនសុខ សមស្របសម្រាប់ការអភិវឌ្ឍគំរោងលំនៅដ្ឋាននានា ពិសេសលំនៅដ្ឋានសម្រាប់ អ្នកមានប្រាក់ចំណូលមធ្យម”។

បច្ចុប្បន្នខ័ណ្ឌសែនសុខ មានក្រុមហ៊ុនវិនិយោគបុរី និងគំរោងលំនៅដ្ឋាននានានាប្រមាណ២០ ដែលបាននិងកំពុងវិនិយោគនៅតំបន់នោះ។ មជ្ឈមណ្ឌលពា ណិជ្ជកម្មលំដាប់អន្តរជាតិមួយចំនួនទៀត បានបើកដំណើរការដូចជាផ្សារបោះដុំ MAKRO, AEON Mall2 និងផ្សារទំនើបមួយចំនួនទៀតនឹងបើកនៅក្នុងឆ្នាំនេះ។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរដែល​ទើបបានបើកសម្ភោធគំរោងទី៨ នៃបុរីវិមានភ្នំពេញលើផ្ទៃដីប្រមាណ២០ហិកតា បានមានប្រសាសន៍ថា ខ័ណ្ឌសែនសុខពិតជាមានការរីកចម្រើនលឿន ដោយសា​រមានគំរោងអភិវឌ្ឍន៍ជាច្រើនបាននិងកំពុងវិនិយោគនៅតំបន់នេះ ហេតុនេះទើប​លោកបាន និងកំពុងងវិនិយោគសាងសង់បុរីនៅតំបន់នេះ ខណៈទីផ្សារបុរីនៅតែ​បន្តមានភាពល្អប្រសើរ ដោយអត្រាលក់នៅតែមានកំនើនខ្ពស់។

លោកបន្តថា “ហេដ្ឋារចនាសម្ព័​ន្ឋល្អប្រសើរ ការមិនបំពុលពីផ្សែងរោងចក្រ សហគ្រាសនានា និងកត្តាសណ្ឋានដីល្អប្រសើរ ជាកត្តាជំរុញល្បឿនអភិ​វឌ្ឍន៍​នៅ​តំបន់នេះ”។

លោកឧកញ៉ាចេង ខេងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Hutton CPL បានលើកឡើងស្រដៀងគ្នាថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ ការចូលទៅដល់នៃហាងកាហ្វេ ភោជនីយដ្ឋានទំនើបៗ និងហាងកាហ្វេឆ្ងាញ់ៗ ជាច្រើនបានចូលទៅតំបន់នេះ ដែលបានធ្វើឲ្យតម្លៃដីធ្លីនៅតាមតំបន់លំនៅដ្ឋាន​ពីមុនមានតម្លៃត្រឹមចន្លោះពី៦០ទៅ៩០ដុល្លារ កើនឡើងដល់៣០០ទៅ៤០០ដុល្លារនាពេលបច្ចុប្បន្ននេះ។

ពិសេសដីនៅជុំវិញតំបន់ផ្សារទំនើប AEON MALL2 ពីមុនមានតម្លៃត្រឹម៤០០ទៅ៥០០ដុល្លារ បច្ចុប្បន្នបានកើនដល់១០០០ទៅ១២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា “តំបន់នេះមានការរីកចម្រើនសមស្រប នឹងស្ថានភាពជាក់ស្តែង និងសក្តានុពលដែលតំបន់នេះមាន ហើយកំនើនប្រជាសាស្រ្តក៏បានកើនឡើងខ្ពស់ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here