Hattha top Banner

វិភាគ៖ ការឈានមកកាន់ដំណាក់កាលថ្មីរបស់កម្ពុជាក្នុងកាលានុវត្តន៍ភាពមាស

0

ដោយ លាងគង់ យិន ស្ថាបនិកនៃគេហទំព័រ Propertyarea.asia

ភ្នំពេញ៖ កាលពីពីរឆ្នាំមុន ប្រទេសកម្ពុជាបានដើរចេញពីភាពទុរភឹក្សមួយ ក្នុងនាមជាប្រទេសក្រីក្រ តោកយ៉ាក មកកាន់ប្រទេសមួយដែលមានប្រាក់ចំណូ​លមធ្យមកម្រិតទាប វាវឌ្ឍនភាពមួយដែលប្រទេសនេះត្រូវបានពិភពលោកមើល​ឃើញក្នុងរូបភាពថ្មី និងជាប្រទេសមួយ ដែលស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ។​

ជាលទ្ឋផលនៃការខិតខំប្រឹងប្រែង ដោយគ្មានការនឿយហត់របស់សម្តេចតេជោហ៊ុន សែន ជាអ្វីដែលសម្រេចបានធ្វើឲ្យសុបិនរបស់លោក ដែលបានលើកឡើងក្នុងសៀវភៅ “ហ៊ុន សែនបុរសខ្លាំង” បានសម្រេចជោគជ័យក្នុងភាពប្រាកដនិយមមួយ និងមានតម្លៃជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន ដោយកាលពីឆ្នាំមុនធនា​គារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ឋិនាមកម្ពុជាជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី។

ធនាគារពិភពលោក ក៏បានចាត់ចំណាត់ថ្នាក់ថ្មីដល់កម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ជាអ្វីដែលមេដឹកនាំកម្ពុជាបានពុះពារនិងខិតខំប្រឹងប្រែងដោយគ្មានការនឿយហត់ ដើម្បីរំដោះប្រទេសចេញពីភាពក្រីក្រ។

ការទទួលបានងារថ្មីជា ”ខ្លាសេដ្ឋកិច្ចអាស៊ី” និងឋានៈជាប្រទេសមានប្រាក់​ចំណូលមធ្យមកម្រិតទាប មិនមែនជារឿងចៃដន្យទេ ប៉ុន្តែគឺកើតឡើងដោយការប្រើប្រាស់បញ្ញាញ្ញាណដ៏វាងវៃរបស់សម្តេច និងថ្នាក់ដឹកនាំជាន់ខ្ពស់នានារបស់រាជរដ្ឋាភិបាល។

ការមកឈានឆ្ពោះ ក្នុងដំណើរកម្ពុជាដ៏ស្វាហាប់ មកកាន់ដំណាក់កាលថ្មីនេះ កម្ពុជាមានទាំងបញ្ហាប្រឈម និងកាលានុវត្តន៍ភាពមាស។ អ្វីជាបញ្ហាប្រឈ​ម គឺដោយសារកម្ពុជាអាចរស់ដោយខ្លួនឯងបាន បានធ្វើឲ្យដៃគូអភិវឌ្ឍន៍នានា កាត់ផ្តាច់ជំនួយពីប្រទេសនេះខ្លះៗ ដើម្បីយកទៅជួយប្រទេសក្រីក្រដទៃទៀត។

ចំណែកកាលានុវត្តន៍ភាពមាស គឺកម្ពុជាបានក្លាយជាកូនក្រមុំមួយ ស្ថិតក្នុង​ក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ដោយលំហូរទុនវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងរាប់ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ជាក់ស្តែងគ្រាន់តែវិស័យសំ ណង់និងអចលនទ្រព្យមួយ លំហូរទុនវិនិយោគបានកើនឡើងជាង៦២០០លានដុល្លារ ក្នុងរយៈពេល១០ខែឆ្នាំនេះ កើនឡើង២២ភាគរយធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

ដោយឡែកគិតចាប់ពីឆ្នាំ១៩៩៤ មកដល់ឆ្នាំ២០១៤ ចិនបានក្លាយជាអ្នកវិនិយោគនាំមុខគេ ធំជាងគេលើគ្រប់វិស័យ ដោយទំហំទុនវិនិយោគបានកើនដល់ប្រមាណ២០ពាន់លានដុល្លារអាមេរិក។

លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) និងការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក បានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ជាការផ្លាស់ប្តូរមិនគួរឲ្យជឿសម្រាប់អ្នកវិនិយោគអន្តរជាតិ។

ការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ជាបន្តបន្ទាប់ និងការដាក់ចេ​ញ​​នូវច្បាប់ស្របតាមទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់កម្ពុជា ការធ្វើកំណែទម្រង់​របស់រដ្ឋាភិបាលលើវិស័យជាអាទិភាពជាបន្តបន្ទាប់ ពិសេសច្បាប់វិនិយោគដ៏ល្អ​របស់កម្ពុជាបានធ្វើឲ្យប្រទេសនេះ ក្លាយជាកាលានុវត្តន៍ភាពមាសសម្រាប់អ្នកវិនិយោគអន្តរជាតិ។

ច្បាប់ គោលនយោបាយប្រាកដនិយម លំហូរទុនវិនិយោគក្នុងស្រុកនិងអន្តរជាតិកំពុងក្រាលគ្របគ្រប់ទីកន្លែងនៅទូទាំងប្រទេស ប្រៀបបាននឹងហេមៈនារដូវប្រាំង បានធ្វើឲ្យស្នាមញញឹមដ៏ដ៏បរិសុទ្ឋលេចលើផ្ទៃមុខប្រជាជាតិនេះជាថ្មី  ក្រោយពីភ្លើងសង្រ្គាមបានបញ្ចប់។

ប្រជាជនម្នាក់ៗមានសម្ភារៈប្រើប្រាស់ មានរថយន្ត ម៉ូតូគ្រប់ៗគ្នា គឺដោយ​សារកំនើនប្រាក់ចំណូលប្រជាជនម្នាក់ៗបានកើនឡើងជារៀងរាល់ឆ្នាំ។

ជាក់ស្តែងនៅឆ្នាំ២០១៧នេះ ប្រាក់ចំណូលរបស់ប្រជាជនម្នាក់ៗកើនដល់១៤៣៥ដុល្លារក្នុងម្នាក់​ៗ និងរំពឹងកើនដល់១៩០០ដុល្លារក្នុងឆ្នាំ២០២០ សម្រាប់ប្រជាជនម្នាក់ក្នុងមួយឆ្នាំ។

កត្តាទាំងអស់នេះហើយ ទើបរំលេចចេញនូវវត្តមានអាគារខ្ពស់ៗ ហាងទំនើបៗ ហាងកាហ្វេល្បីៗរាប់រយ ដែលសុទ្ឋតែមានតមលៃ២ដុល្លារអាមេរិកឡើងក្នុងមួយកែវ (គិតជាមធ្យម) ព្រមទាំងផលិតផ​លល្បីៗមកពីជុំវិញពិភពលោក បានចូលមកកម្ពុជាបណ្តាក់គ្នាដូចខ្យង ដោយ​សារ​ហេតុផលជាច្រើន ទី១ កម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ និងជាស្ថិរភាពមានរយៈពេលវែង ទី២ កំនើនសេដ្ឋកិច្ចកម្ពុជាដែលសម្រេចបានក្នុងរង្វង់ ជាង៧ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ ទី៣ ច្បាប់ បទដ្ឋានគតិយុត្តិនានាសុទ្ឋតែមានអំណោយផល និងលើកទឹកចិត្តដល់អ្នកវិនិយោគនានា ទី៤ ច្បាប់ពន្ឋរបស់កម្ពុជាមានភាពសមស្រប និងមិនបានបែងចែកខុសគ្នា នៃគោលនយោបា​យសារពើពន្ឋរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគបរទេសឡើយ។

លោកបណ្ឌិកសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា “ក្រៅពីប្រទេសសឹង្ហបុរី គឺមានតែកម្ពុជាប៉ុណ្ណោះ ដែលបានបើកចំហរគោលនយោ​បាយ ច្បាប់នានា ដើម្បីផ្តល់ឳកាស និងលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិ​នានា”។លោកបន្តថា “រហូតមកទល់ពេលនេះកម្ពុជា មានច្បាប់បទដ្ឋានគតិយុត្តិ​នានាស្ទើរតែគ្រប់គ្រាន់ហើយ ដើម្បីការពារ និងលើកទឹកចិត្តអ្នកវិនិយោគ”។

ងាកមកមើលចរន្តពាណិជ្ជកម្មកម្ពុជា កាន់តែរសរវើក ជាមួយនឹងការមកដល់នូវវត្តមានហាងទំនើបៗ ផ្សារទំនើបៗល្បីឈ្មោះដូចជា AEON Mall, MAKRO​, Phnom Penh Mega Mall, E Mart, The Bridge Commercial, និងផ្សារទំនើបជាច្រើនទៀត មិនមែនជាការស្រម័យតែមួយយប់នោះទេ ប៉ុន្តែវាជាលទ្ឋ​ផលនៃការក្រាលផ្លូវមាសមួយពីរដ្ឋាភិបាល ពិសេសការជំរុញកម្ពុជាមកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ព្រោះអ្នកវិនិយោគធំៗ ពួកគេនឹងមិន​មកកាន់ប្រទេសក្រីក្រ ដែលកំលាំងទិញមានចំនួនតូចនោះទេ។

កំលាំងទិញនៅកម្ពុជា ពិតជាកើនឡើងយ៉ាងឆាប់រហ័ស ដោយសារកំនើនទេសចរណ៍ កំនើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋកម្ពុជា ការរក្សាបាន​នូងសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ពិតជាចំណុចទាក់ទាញសម្រាប់​អ្នកវិនិយោគជាតិ និងអន្តរជាតិ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ីលោកអ៊ិន ចាន់នីដែល​បានដឹកនាំធនាគារធំជាងគេ ដោយជោគជ័យនៅកម្ពុជា បានមានប្រសាសន៍ថា អ្នកវិនិយោគមុនទៅកាន់ប្រទេសណាមួយ ពួកគេមើលសំខាន់លើកត្តាចំនួនបី គឺសុខសន្តិភាព ស្ថិរភាពសង្គមរយៈពេលវែង និងកំនើនសេដ្ឋកិច្ចរបស់ប្រទេសនោះ។

លោកបន្តថា ការឈានមកកាន់ដំណាក់កាលថ្មី ក្នុងនាមជាប្រទេសមាន​ប្រាក់ចំណូលមធ្យមកម្រិតទាប ពិតជាបានផ្តល់កាលានុវត្តន៍ភាពសំខាន់ណាស់សម្រាប់កម្ពុជា ដោយសារទី១ អ្នកវិនិយោគពួកគេកាន់តែចាប់អារម្មណ៍ ព្រោះពេលពួកគេមកវិនិយោគនៅប្រទេសណាមួយ ពួកគេមើលកំលាំងទិញនៅប្រទេ​សនោះ ទី២ អ្នក​វិនិយោគពួកគេនឹងមិ​នទៅកាន់ប្រទេសក្រីក្រទេ ព្រោះពួកគេពិបាករកប្រាក់ចំណេ​ញត្រលប់មកវិញ (Return Of Investment) ទី៣ កម្ពុជាកាន់តែបង្កើនកិត្យា​នុភាពលើឆាកអន្តរជាតិ  ក្នុងនាមជាប្រទេសថ្មីមួយ ដែលមានភាពអំណោយផល​ដល់ការវិនិយោគ ទី៤ ជាប្រទេសដែលអ្នកវិនិយោគអាចរកប្រាក់ចំណេញបាន និងមានភាពកក់ក្តៅ ទី៥ កម្ពុជាមានច្បាប់ បទដ្ឋានគតិយុត្តិនានាដែលផ្តល់ការការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគនានា។

ជាមួយគ្នានេះ តាមរយៈការខិតខំកែទម្រង់ ការប្រមូលចំណូលរបស់រាជរ  ដ្ឋាភិបាលបានធ្វើឲ្យ​កម្ពុជាមានលទ្ឋភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងការចំណាយចរន្តដោយខ្លួនឯងបាន និងមានលទ្ឋភាពចំណាយលើការវិនិយោគសាធារណៈ២ភាគ៣ ជាមួយនឹងផលទុនជាតិសរុបកើនឡើង ដល់ប្រមាណ២០ពាន់លានដុល្លារនៅឆ្នាំ២០១៧នេះ។

ក្នុងកាលានុវត្តន៍ថ្មី ជាមួយនឹងការក្រឡេកមើលត្រលប់នូវអ្វី ដែលជាលទ្ឋផលសម្រេចបានរបស់រដ្ឋាភិបាល កម្ពុជានាពេលនេះកំពុងដោះស្រាយបញ្ហាប្រ​ឈមមួយចំនួនផងដែរ ដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ឋ កង្វះធនធានមនុស្សជំនា​ញដែលអាចឆ្លើយតបនឹងទីផ្សារបាន តម្លៃអគ្គិសនីថ្លៃ សុទ្ឋតែជាអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុង​ប្រឈមនិងត្រូវដោះស្រាយចំពោះមុខ។

ប៉ុន្តែកាលពីខែតុលាឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោ​​បាយ ”អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥”ជាអ្វីដែលរដ្ឋាភិបាល​បានដាក់ចេញ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា និងនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី ជាដំណាក់កាលដែលផ្លាស់ប្តូរកំលាំងពលកម្មក្នុងប្រទេសនេះ ពីអតិពល​កម្ម ទៅជាកំលាំងពលកម្មដែលមានជំនាញ ដែលផ្តល់ប្រាក់កម្រៃខ្ពស់ ជាអ្វីដែល ជាការតភ្ជាប់ខ្សែសង្វាក់គោលនយោបាយដ៏ប៉ិនប្រសព្វមួយ របស់សម្តេចតេជោហ៊ុន សែនគឺនាំកម្ពុជាទៅកាន់ប្រទេស មាន​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ដែលចំណាត់ថ្នាក់នេះ គឺសំដៅប្រទេសដែលប្រជាជនម្នាក់ៗមានប្រាក់ចំណូលចាប់ពី៤៨០០ដុល្លារ ដល់១២,០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់។

ឈរលើគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ និងគោលនយោបាយ ដ៏ដូចជាច្បាប់នានាតែងតែធ្វើបច្ចុប្បន្នភាព ជាមួយនឹងស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចរ៉ឹងមាំរយៈពេលវែង កម្ពុជាពិតជា​កំពុងឆ្ពោះទៅរកអនាគតភ្លឺស្វាងមួយ ក្នុងនាមជាប្រទេសចាកចេញពីភាពអន្ឋ​កាល មកកាន់ប្រទេសមួយដែលរះចែងចាំងក្នុងឆាកអន្តរជាតិ និងផ្តល់វិបុលភាព​សម្រាប់ជាតិនៃកម្ពុជាទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here