ដំណឹងល្អ៖ ធនាគារពិភពលោក ផ្តល់ឥណទានចំនួន ៦០លានដុល្លារសម្រាប់ការថែរទាំផ្លូវ

0

ដោយ វុត្ថា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលកម្ចីសម្បទានពីធនាគារពិភពលោក គម្រោងគ្រប់គ្រងសម្បត្តិផ្លូវថ្នល់២ ចំនួន៦០លានដុល្លាអាមេរិកសម្រាប់ធ្វើការលើកកម្រិត និងថែទាំផ្លូវជាតិលេខ៣ កំណាត់កំពត-វាលរេញ និងផ្លូវជាតិលេខ៧កំណាត់ថ្នល់ទទឹង (ផ្លូវជាតិលេខ១១) ទៅដល់ក្រុងក្រចេះមានប្រវែ​ង​សរុ​ប២១៨ គ.ម។

គម្រោងកំណាត់ផ្លូវជាតិទាំងពីរនេះ នឹងធ្វើការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូDBSTបច្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC ហើយនិងធ្វើការស្ថាបនាលូសង​ខាងផ្លូវដើម្បីរំដោះទឹកភ្លៀងចេញ ។ កំណាត់ផ្លូវទាំងពីរនេះនឹងធ្វើការលើកកម្រិត​ដោយការងារ ស្ថាបនាក្រាលកៅស៊ូ AC រយៈពេល១៨ខែ ហើយបន្តថែទាំរយៈពេល៣៦ខែ ដែលនឹងចាប់ផ្ដើមការដ្ឋាន ពីខែមេសាឆ្នាំ២០១៨ រហូតដល់ ខែកញ្ញា ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd លើកំណាត់ផ្លូវនៃកញ្ចប់ទី១ និងទី៣ដែលមានប្រវែងសរុប១១១.៣ គ.ម មានទឹកប្រាក់សរុបចំនួនជិត១៧លានដុល្លារអាមេរិក។

នៅក្នុងគម្រោង RAMP-II ដដែលនេះ រាជរដ្ឋាភិបាលបានស្នើទៅធនាគារពិភពលោក ដើម្បីខ្ចីហិរញ្ញប្រទានសម្បទានចំនួន១១០លានដុល្លាអាមេរិកបន្ថែមទៀត សម្រាប់លើកកម្រិតផ្លូវជាតិលេខ៤ ដោយក្រាលកៅស៊ូA/C, ស្ថាបនាចិញ្ចើ​មកៅស៊ូA/C និងបន្ថែមនូវប្រព័ន្ធប្រឡាយដែលចាំបាច់ ដើម្បីធានាឱ្យផ្លូវជាតិលេ​ខ៤អាចធ្វើដំណើរបានគ្រប់រដូវ ។

បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោកកំពុងរៀបចំឯកសារបច្ចេកទេស សម្រាប់ហិរញ្ញប្រទាន១១០លានដុល្លាអាមេរិកនេះ ហើយនឹងដាក់ជូនក្រុមប្រឹក្សានាយកធនាគារពិភពលោក សម្រេចក្នុងខែមិថុនា ឆ្នាំ២០១៨ ដែលការបើកដ្ឋានសាងសង់ អាចដំណើរការនាដើមឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here