ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ក្នុងគោលដៅអភិរក្សធនធានធម្មជាតិ និងជីវចម្រុះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់កោះចំនួន៧ ជាតំបន់ឧទ្យានជាតិ ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជានាថ្ងៃទី៨ កុម្ភៈនេះ។
កោះចំនួន៧ ដែលត្រូវបានដាក់បញ្ចូល ក្នុងតំបន់ឧទ្យានជាតិនោះ រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀនម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងដែនសមុទ្រជុំវិញ ដែលមានផ្ទៃក្រឡាសរុបទំហំជាង៥ម៉ឺនហិកតា។
គោលដៅនៃការអភិរក្សនេះ ដើម្បីចូលរួមអភិរក្ស និងការពារសោភ័ណភាព ចម្រុះបស់កោះទាំងនោះ ជីវៈចម្រុះលើកោះ និងដែនសមុទ្រជុំវិញ ពិសេសធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។ ការអភិរក្សនេះ ក៏មានគោលដៅកាត់បន្ថយ ការឡើងកំដៅផែនដី ក៏ដូចជា ព្រមទាំងលើកកំពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ដើម្បីចូលរួមថែររក្សា និងអភិរក្ស ដោយប្រើប្រាស់ធនធានធម្មជាតិទាំងនេះ ប្រកបដោយនិរន្តរភាព។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាតែងតែអំពាវនាវឲ្យមានការថែរទាំ និងអភិរក្សធនធានធម្មជាតិទាំងនោះ ដើម្បីថែររក្សានិរន្តរភាពបរិស្ថាន ដោយធ្វើយ៉ាងណាត្រូវធ្វើការអភិរក្ស និងអភិវឌ្ឍន៍ត្រូវដើរទន្ទឹមគ្នា ព្រោះប្រសិនជាមិនមានការគ្រប់គ្រងច្បាស់លាស់ និងមានការបំពុលបរិស្ថាននឹង ធ្វើឲ្យធនធានធម្មជាតិទាំងនោះ ប្រឈមនឹងការបំផ្លិចបំផ្លាញ ហើយនៅពេលធនធានធម្មជាតិរងការបំផ្លាញ អ្វីៗទាំងអស់នឹងរងការបំផ្លាញ។
លោកបន្តថា “ដើម្បីថែររក្សា និងធានានិរន្តរភាពទេសចរណ៍ ការថែររក្សាបរិស្ថានមានសារៈសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍វិស័យនេះបានជោគជ័យ និងទទួលបានផលប្រយោជន៍ទាំងអស់គ្នា”៕
E-3B3A63DD3F21.jpeg” alt=”” width=”688″ height=”960″ class=”alignnone size-full wp-image-3305″ />