ដំណឹងល្អ!! ប្រជាជនក្នុងខេត្តចំនួន១៤ នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនី

0

ដោង គង់ សូរិយា

ភ្នំពេញ​៖ ប្រជាជនកម្ពុជាទំនងជាមិនសូវត្អូញត្អែរ ពីតម្លៃអគ្គិសនីទៀតនោះទេ ខណៈអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងបន្ថយថ្លៃលក់អគ្គិសនីថ្មី នៅតាមបណ្តាខេត្តចំនួន១៤ ជាតំបន់ដែលកំពុងចែកចាយអគ្គិសនីនៅក្រៅទីរួមខេត្ត សម្រាប់ ឆ្នាំនេះ។

យោងតាមប្រកាសក្រសួងរ៉ែ និងថាមពល ស្តីពីការកែសម្រួលយុទ្ធសាស្រ្តបន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីនៅកម្ពុជាសម្រាប់ការអនុវត្តន៍ ឆ្នាំ២០១៧-២០២០ និងយោងតាមការពិនិត្យវិភាគថ្លៃអគ្គិសនីចែកចាយ ដែលបានធ្វើការគណនា ក្នុងផែនការយុទ្ធសាស្រ្តកាត់បន្ថយថ្លៃសម្រាប់ខួបនៃឆ្នាំ២០១៨  និងយោ​​ងតាមអនុក្រិត្យស្តីពី គោលការណ៍វាយតម្លៃភាពត្រឹមត្រូវ នៃការចំណាយក្នុងអាជីវកម្មអគ្គិសនី និងបទប្បញ្ញត្តិស្តីពី គោលការណ៍កំណត់ថ្លៃលក់អគ្គិសនីកម្ពុជា ដែលគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ Propertyarea.asia ទើប​ទទួលបាននាព្រឹកថ្ងៃទី៩ កុម្ភៈនេះបានឲ្យដឹងថា អាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងបន្ថយថ្លៃលក់អគ្គិសនី នៅក្នុងខេត្តចំនួន១៤ សម្រាប់តំបន់ដែលកំពុងចែកចាយអគ្គិសនីនៅក្រៅទីរួមខេត្ត គឺចាប់ពីដើមខែមេសា ឆ្នាំ២០១៨នេះ។

ខេត្តទាំង១៤ ដែលគ្រោងបន្ថយថ្លៃលក់អគ្គិសនី រួមមាន ទីរួមខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ តាកែវ កំពត បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនគីរី។ សម្រាប់លំនៅដ្ឋានពលរដ្ឋកម្ពុជា ដែលរស់នៅក្រៅទីរួមខេត្តខាងលើ អាជ្ញាធរអគ្គិសនី​បានកំណត់ថា ប្រជាពលរដ្ឋប្រើប្រាស់មិនលើសពី១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ គឺលក់ក្នុងតំលៃ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ប្រជាពលរដ្ឋប្រើប្រាស់ចាប់ពី១១គីឡូ ដល់៥០គីឡូវ៉ាត់ម៉ោងក្នុង១ខែ ក្នុងតម្លៃ៦១០រៀល ក្នុង១គឺឡូវ៉ាត់ម៉ោង។ ចំណែកប្រជាពលរដ្ឋប្រើលើសពី៥១គីឡូ ក្នុងមួយខែឡើងទៅ គឺបានចុះពី៧៩០រៀល មកនៅ៧៧០រៀល ក្នុង១គីឡូវ៉ាត់ម៉ោងក្នុងមួយខែវិញ។

ដោយឡែកអតិថិជនទូទាត់ដោយថវិការដ្ឋ និងលំនៅដ្ឋានរស់នៅជនបរទេ​សគ្រប់ទំហំប្រើប្រាស់មានតម្លៃចាប់ពី៧៩០រៀល មកនៅ៧៧០រៀលក្នុងគីឡូវ៉ាត់ម៉ោង និងការបូមទឹកកសិកម្មនៅពេលយប់ ពីម៉ោង៩យប់ដល់៧ព្រឹក ក្នុង១គីឡូ​វ៉ាត់ម៉ោងតម្លៃ៤៨០រៀលផងដែរ។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា ចំណែកគម្រោងបន្ថយថ្លៃអគ្គិសនី នៅក្នុងតំបន់ចែកចាយភ្នំពេញ និងក្រុងតាខ្មៅវិញ អាជ្ញាធរអគ្គិសនីបានធ្វើការកំណត់ថា អត្រាប្រើមិនលើស៥០គឺឡូវ៉ាត់ម៉ោងក្នុង១ខែ គឺរក្សាក្នុងតម្លៃ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ ការប្រើប្រាស់លើសពី៥០ ទៅដល់២០០គឺឡូវ៉ាត់ម៉ោងតម្លៃ៧២០រៀល ក្នុងគីឡូវ៉ាត់ម៉ោង និងការប្រើប្រាស់លើស២០០គឺឡូវ៉ាត់ម៉ោង បានចុះពីតម្លៃ៧៧០រៀល មកនៅ៧៥០រៀល ក្នុងគីឡូវ៉ាត់ម៉ោងវិញ។

សម្រាប់ការអនុវត្តនិតិវិធីកំណត់របស់ច្បាប់ អគ្គិសនីកម្ពុជាសូមដាក់បន្ថយថ្លៃលក់អគ្គិសនីនេះ នឹងធ្វើការពិគ្រោះយោបល់ជាសាធារណៈ ជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ទាំងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្នាន និងអ្នកប្រើប្រាស់អគ្គិសនី ដែលស្ថិតនៅក្នុងខេត្តទាំង១៤ ចាប់ពីការជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបន្ទាប់ពីការពិគ្រោះយោបល់រួច ឯកសារថ្លៃលក់អគ្គិសនីថ្មីនេះ នឹងត្រូវចាត់ទុកឆ្លងកាត់ពិគ្រោះយោបល់រួច ហើយអាជ្ញាធរអគ្គិសនី កម្ពុជា នឹងធ្វើការពិនិត្យ និងអនុម័តថ្លៃលក់អគ្គិសនីនេះ ទៅតាមការកំណត់របស់ច្បាប់ស្តីពីអគ្គិសនីកម្ពុជា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here