ជប៉ុនផ្តល់លុយ ២.៨៤០លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍន៍កម្ពុជា

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទាន២៨៤០លានដុល្លារអា​មេរិក គិតពីទសវត្សរ៍ទី៩០ រហូតដល់ដំណាច់ឆ្នាំមុន និងគ្រោងផ្តល់ហិរញ្ញប្បទានសរុបប្រមាណ១៦៨លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឈន៍កម្ពុជា។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានបង្ហា​ញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា នៅក្នុងនាមប្រទេសជាមិត្ត ប្រទេសជប៉ុន នឹងជួយពន្លឿន ការកាត់បន្ថយនូវភាពក្រីក្រនៅកម្ពុជា និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ការបន្តផ្តល់ហិរញ្ញប្បទានដ៏សន្ធឹកសន្ធាប់នេះ គឺបានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរ ក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្រ្ត ស្របតាមការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងនោះបើគិតត្រឹមឆ្នាំ២០១៧ភាគីជប៉ុន បានបើកផ្តល់ហិរញ្ញប្បទានសរុប ប្រមាណជា២.៨៤០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍វិស័យអទិភាពខាងលើនៅកម្ពុជារួចហើយ។

នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយស្តីពី ហិរញ្ញប្បទានស​ហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាតំណាងដោយ លោកឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយ​ករដ្ឋមន្រ្តី និងភាគីជប៉ុនតំណាងដោយ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ភាគីទាំងពីរបានពិភាក្សា ការផ្លាស់ប្តូរយោបល់ រួមគ្នាលើវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈម ក្នុងការអនុវត្តន៍គម្រោងសហប្រតិបត្តិការកន្លងមក និងការបន្តការពង្រីកប្រសិទ្ធភាព នៃការអនុវត្តន៍គម្រោងទៅពេលអនាគត ដោយភាគីទាំងពីក៏បានឯកភាពពង្រីងកិច្ចសហប្រតិបត្តិការ តាមរយៈការ អនុវត្តន៍គោលនយោបាល គឺផ្តោតទៅលើការងារអទិភាពចំនួន៣រួមមាន ការគាំទ្រអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន និងការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាល។

លោកឯកអគ្គរដ្ឋទូតជប៉ុនបានឲ្យដឹងថា “រាជរដ្ឋាភិបាលជប៉ុន គ្រោងផ្តល់ហិរញ្ញប្បទាន សរុបប្រមាណ១៦៨លានដុល្លារអាមេរិក ដើម្បីបន្តអនុវត្តគម្រោងអទិភាពជាច្រើន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ធ្វើ ឲ្យបានសម្រេចតាមវឌ្ឍនភាពអភិវឌ្ឍន៍”។ លោកបន្តថា ការផ្តល់ហិរញ្ញប្បទានទៅពេលអនាគត នឹងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈការអនុវត្តគម្រោងថ្មីៗទៅតាមប្រមុខរាជរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នា បន្ទាប់ពីដំណើរទស្សនកិច្ច ជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅប្រទេសជប៉ុន ដែលរួមមាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន និងចរាចរក្នុងក្រុង គម្រោងធ្វើឲ្យប្រសើប្រព័ន្ធភស្តុភាកម្មនៅកម្ពុជា និងការអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីបម្រើវិស័យ ឧស្សាហកម្ម “។

នៅក្នុងឆ្នាំ២០១៧រាដ្ឋាភិបាល ប្រទេសទាំងពីរបានចុះហត្ថលេខា លើឯកសារផ្តល់ហិរញ្ញប្បទានចំនួន២ គឺគម្រោងអភិវឌ្ឍន៍ផែរកុងតីន័រថ្មី គម្រោងធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស គម្រោងពង្រីកប្រព័ន្ធទឹកស្អាតក្នុងខេត្តកំពង់ធំ គម្រោងធ្វើឲ្យប្រសើឡើងនូវកំណាត់ផ្លូវជាតិលេខ៥ខាងត្បូង ក្នុងជំហានទី២ គម្រោងសាងសង់ស្ពានបន្ទាន់ នៅតំបន់រងគ្រោះដោយសារទឹកជំនន់ និងគម្រោងសាងសង់វិទ្យាស្ថានគរុគោសល្យនៅភ្នំពេញ និងបាត់ដំបង សរុបជាទឹកប្រាក់ប្រមាណ៤៥២លា​ន​ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here