បាល់ទាត់ចេញពីកម្ពុជា៖ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវចាប់ផ្តើមមានសង្ឃឹម

0

ដោយ វុត្ថា

ភ្នំពេញ៖ តំបន់ត្រីកោណអភិវឌ្ឍន៍ ដែលស្ថិតនៅតំបន់ប្រសព្វគ្នារវាងកម្ពុជា វៀតណាម និងឡាវចាប់ផ្តើមមានសកម្មភាពអភិវឌ្ឍន៍បណ្តើរៗហើយ បន្ទាប់ពីគំ​រោងអភិវឌ្ឍន៍នៅតំបន់នេះ បានជាប់គាំងអស់ប៉ុន្មានឆ្នាំកន្លងមកនេះ។

ជាការបោះបាល់មួយពីភាគីកម្ពុជា នាព្រឹកថ្ងៃទី១០ កុម្ភៈនេះ រដ្ឋលេខាធិកា​រក្រសួងពាណិជ្ជកម្ម លោកកឹម ស៊ីថន បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោ​ណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាមនៅវិមានរដ្ឋសភា។

កិច្ចប្រជុំពិភាក្សានេះ ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងតំណាងគណៈកម្មការទី៤ នៃរដ្ឋសភា ព្រមទាំងមានការចូលរួមពីអ្នកពាក់ព័ន្ឋជា​ច្រើនទៀត។

តំបន់ត្រីកោណអភិវឌ្ឍន៍ ស្ថិតនៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាទីតាំងមានភាពប្រសព្វគ្នារវាងកម្ពុជា វៀតណាម និងប្រទេសឡាវ។

បន្ទាប់ពីបានពិនិត្យ ពិភាក្សាយ៉ាងយកចិត្តទុកដាក់រួចមក ជាលទ្ធផលអង្គប្រជុំ ជាពិសេសគណៈកម្មការជំនាញនៃរដ្ឋសភា បានឯកភាពទាំងស្រុងដោយឥតមានកែប្រែលើកសេចក្តីព្រាងច្បាប់នេះ។

កិច្ចព្រមព្រៀងកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវនេះ មានគោលបំណងសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលជាមធ្យោបាយមួយ ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍រវាង តំបន់ត្រីកោណនិងតំបន់ដទៃទៀត។

កិច្ចព្រមព្រៀងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ទី១ បង្កើនសក​ម្មភាពជំរុញពាណិជ្ជកម្ម ទី២ បង្កើតបរិយាសធុរកិច្ចល្អប្រសើរ ទី៣ សម្រួលបំលាស់ទីរបស់ប្រជាជន យានយន្ត និងទំនិញនៃប្រទេសទាំងបីក្នុងតំបន់ត្រីកោណ  និងទី៤បង្កើនលក្ខខណ្ឌអនុគ្រោះ ដើម្បីសម្រួលដល់លំហូរពាណិជ្ជកម្ម និងវិនិយោគ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here