អគ្គនាយកដ្ឋានពន្ធដារ រកបានចំណូលជិត ១៧០លានដុល្លារក្នុងខែមករា

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូ​លចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនប្រមាណ១៧០លានដុល្លារអាមេរិក និងស្មើជាង១០៥ភាគរយនៃផែន​ការប្រចាំខែមករា ឆ្នាំ២០១៨។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារលោកគង់ វិបុលបានថ្លែងលើកឡើង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូ​លចំណូលពន្ធប្រចាំ ខែមករា ឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តបន្តថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៨កន្លងមកថា ដោយមានការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្រ្តីពន្ធដារ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ និងវិន័យការងារបានល្អប្រសើរ។ ជាលទ្ឋផលជាក់ស្តែង នាយកដ្ឋានថ្នាក់កណ្តាល និងគ្រប់សាខាពន្ធដារខេត្ត-ខណ្ឌ ចូលរួមប្រមូលចំណូលពន្ធបានយ៉ាងល្អប្រសើរ  ពោលគឺអនុវត្តន៍ការប្រមូ​លពន្ធ លើសផែនការដែលកំណត់ដោយច្បាប់ក្នុងខែមករាកន្លងមក។

លោកបន្តថា “ដោយមានស្មារតីទទួលខុសត្រូវខ្ពស់ ជាក់ស្តែងការប្រមូលចំណូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងខែមករា ឆ្នាំ២០១៨នេះ ការចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡា​ញបានប្រមាណ១៧០លានដុល្លារអាមេរិក កើនឡើង១៥លានដុល្លារអាមេរិក ស្មើនឹងកំនើន១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន”។

លោក គង់ វិបុល បានបន្តថា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ ឲ្យបានគ្រប់តាមផែនការប្រមាណ១៩២៣លានដុល្លារអាមេរិកនោះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ថែមទៀត តាមគោ​លនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធា​នការជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈជូនអ្នកជាប់ពន្ធ ឱ្យកាន់តែមានគុណភាពខ្ពស់ រហ័ស ងាយស្រួល ធ្វើយ៉ាងណាឲ្យរដ្ឋបាលពន្ធដារ ក្លាយជាស្ថាប័នរដ្ឋដែលទទួលបាននូវជំនឿចិត្តខ្ពស់ ពីសា​ធារណជនគ្រប់មជ្ឈដ្ឋាន ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការងារប្រមូលពន្ឋជាការងារមួយលំបាក ប៉ុន្តែលោកឃើញមានវឌ្ឍន​ភាពក្នុងវិស័យនេះ បន្ទាប់ពីមានកំណែទម្រង់ពីអគ្គនាយកដ្ឋានពន្ឋដា ដែលទទួ​ល​បានលទ្ឋផលល្អប្រសើរ ប៉ុន្តែការងារនេះទាមទារឲ្យមានការខិតខំថែមទៀត ដើម្បីប្រមូលពន្ឋឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

លោកបន្តថា “ការប្រមូលពន្ឋទាមទារការប្រើប្រាស់កណ្តាប់ដៃដែក និងវិធា​នការណ៍ម៉ឺងមាត់ ព្រោះប្រាក់ពន្ឋអាចបានច្រើនជាងនេះ ប្រសិនជាមានការប្តេជ្ញា​ចិត្តច្បាស់លាស់ និងធ្វើឲ្យវប្បធ៌មបង់ពន្ឋកាន់តែមានប្រសិទ្ឋភាព និងចូលរួមពីភាគីត្រូវបង់ពន្ឋ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here