ដោយ វុត្ថា
ភ្នំពេញ៖ ព្រះរាជាណាចក្រទាំងពីរ គ្រោងនឹងចាប់ផ្តើមសករាជថ្មីមួយទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្ម តាមរយៈគណកម្មការចម្រុះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលគ្រោងបើកកិច្ចប្រជុំនៅសប្តាហ៍ក្រោយនេះ។
រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូរស័ក្តិ បានជួបជាមួយលោក Jirawuth Suwanna-Arj អគ្គទីប្រឹក្សាពាណិជ្ជកម្មនៅស្ថានរាជទូតថៃ ប្រចាំកម្ពុជា និងក្រុមការងារ បានជួបពិភាក្សាគ្នាកាលពីថ្ងៃម្សិលម៉ិញ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ (6th JTC កម្ពុជា-ថៃ) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦នឹង ផ្តោតសំខាន់ទៅលើការជំរុញ និងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានា។
លោក Jirawuth Suwanna-Arj ក៏បានជម្រាបជូន លោកប៉ាន សូស័ក្តិអំពីការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ច រវាងប្រទេសទាំងពីរ ក្នុងន័យបង្កើនទំហំពាណិជ្ជកម្ម និងសហប្រតិបត្តការរវាងវិស័យឯកជននៃប្រទេសទាំងពីរ ស្របពេលនៃកិច្ចប្រជុំគណៈកម្មការចម្រុះ ផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃលើកទី៦ផងដែរ។
រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា លោកប៉ាន សូស័ក្តិបានស្វាគមន៍នូវគោលបំណង ក្នុងការរៀបចំព្រឹត្តការណ៍ផ្គូរផ្គងធុរកិច្ចនេះ និងលើកទឹកឲ្យការរៀបចំនេះទទួលបានជោគជ័យ៕