ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ រោងចក្រស៊ីម៉ងត៍ថ្មីមួយទៀត ឈ្មោះ Battambang Coin Cement ដែលមានមូលដ្ឋាននៅក្នុងខេត្តបាត់ដំបង នឹងបើកដំណើរការនៅកំឡុងត្រីមាសទី១ឆ្នាំនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។
អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី ១៣ កុម្ភៈនេះថា រោងចក្រ Battambang Coin Cement មានសមត្ថភាពផលិតបាន ១,៧លានតោនក្នុងមួយឆ្នាំ អាចនឹងបើកដំណើរការនៅខែមិនា ឬមេសាខាងមុខនេះ។ លោកបន្តថា តាមពិតរោងចក្រនេះបានសាងសង់រួចរាល់ហើយ ប៉ុន្តែមានបញ្ហាបច្ចេកទេសមួយចំនួន ទើបក្រុមហ៊ុនសម្រេចពន្យាពេលដំណើរការ។
លោកបន្តថា “រោងចក្រនេះ មានសមត្ថភាពផលិតស៊ីម៉ងត៍បានក្នុងរង្វង់១,៧លានតោន ដែលមានសមត្ថភាពផលិតប្រហាក់ប្រហែលរោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុនជីព ម៉ុងផងដែរ”។
បច្ចុប្បន្ននៅកម្ពុជា មានក្រុមហ៊ុនស៊ីម៉ង់ចំនួន៤ កំពុងផលិតស៊ីម៉ងត៍ ដូចជាក្រុមហ៊ុន Kampot Cement, Chip Mong Insee Cement, Cambodia Cement Chakrey Ting Factory, និងក្រុមហ៊ុនBattambang Coin Cement ដែលរោងចក្រចុងក្រោយនេះ នឹងចាប់ផ្តើមផលិតនៅកំឡុងត្រីមាសទី១ឆ្នាំនេះ។
លោក យស មុនីរ៉ាត់ បានបន្ថែមថា ស៊ីម៉ងត៍ផលិតក្នុងស្រុកមានគុណភាពមិនចាញ់ស៊ីម៉ងត៍នាំចូលនោះទេ ហើយវត្ថុធាតុដើមរបស់យើងក៏មានគុណភាពល្អ។ ទោះជាផលិតក្នុងស្រុកក្តី ប៉ុន្តែបច្ចេកវិទ្យាប្រើប្រាស់សម្រាប់ការផលិតសុទ្ឋតែនាំចូលពីបរទេស។លោកបន្តថា ប្រសិនជាស៊ីម៉ងត៍ក្នុងស្រុក មិនមានគុណភាពមិនមែនក្រុមហ៊ុនជប៉ុន ជ្រើសរើសសម្រាប់សាងសង់ស្ពាន ឬអាគាររបស់ពួកគេនោះទេ។
លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះ ការផលិតស៊ីម៉ងត៍ក្នុងស្រុក នៅតែមិនអាចឆ្លើយតបបានតាមតម្រូវការនៅឡើយ ព្រោះបច្ចុប្បន្នមានតមម្រូវការស៊ីម៉ងត៍ច្រើនណាស់ ពិសេសវិស័យសំណង់ ដោយសារកម្ពុជាកំពុងសាងសង់អាគារខ្ពស់ៗច្រើន និងវិស័យដទៃទៀត ក៏មានការប្រើប្រាស់ស៊ីម៉ងត៍ច្រើនផងដែរ។
លោកឧកញ៉ាបានបន្តថា “ទោះជាមិនអាចផ្គត់ផ្គង់បានគ្រប់ក្តី ប៉ុន្តែខ្ញុំគិតថា វាអាចរួមចំណែកកាត់បន្ថយ ការនាំចូលស៊ីម៉ងត៍ពីក្រៅប្រទេសបានច្រើន”៕