កម្ពុជា​អនុម័ត​កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀត​មណា​ម

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា បាន​បើក​ទំព័រ​ថ្មី​មួយ​ដល់​កម្ពុជា ដោយបាន​អនុម័ត​យល់​ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀត​មណា​ម។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងពាណិជ្ជកម្ម ចូលរួម​ការពារ​សេច​ក្តី​ព្រាង​ច្បាប់​ដែល​រដ្ឋ សភា​អនុម័ត​នា​ព្រឹក​ថ្ងៃទី១៤ កុម្ភៈ​នេះ​បាន​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម​នេះ មាន​គោលបំណង​សម្រួល​ដល់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ នៅក្នុង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (កម្ពុជា មាន ៤ខេត្ត គឺ​ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ក្រចេះ ឡាវ មាន ៤ខេត្ត និង​វៀតណាម​មាន ៥ ខេត្ត) ដែលជា​មធ្យោបាយ​មួយ​ក្នុងការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​រវាង​តំបន់ត្រីកោណ និង​តំបន់​ដទៃទៀត។

ក្នុងសម័យ​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី៥ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សម្លេងគាំទ្រ​ចំនួន ១២១ សំឡេង។

លោក​រដ្ឋមន្ត្រី​ប៉ាន សូ​ស័ក្តិ​បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​រួមមាន ទី១ បង្កើន​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម ទី២ បង្កើត​បរិ​យាស​ធុរកិច្ច​ល្អប្រសើរ ទី៣ សម្រួល​បំលាស់​ទី​របស់​ប្រជាជន យានយន្ត និង​ទំនិញ​នៃ​ប្រទេស​ទាំងបី​ក្នុង​តំបន់ត្រីកោណ  និង​ទី៤ បង្កើន​លក្ខខណ្ឌ​អនុគ្រោះ​ដើម្បី​សម្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ។

សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដើម្បី​បញ្ជូន​ទៅសុំ​ការពិនិត្យ និង​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ ដោយ​ចាត់ទុកជា​ការប្រញាប់។ បន្ទាប់ពី​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុម័ត​យល់ព្រម​រួចហើយនោះ កិច្ចព្រមព្រៀង​នឹងត្រូវ​បញ្ជូនទៅ​ព្រឹទ្ធិ​សភា ដើម្បី​ពិនិត្យ និង​អនុម័ត​តាម​នីតិវិធី​នាពេលខាងមុខ​ដ៏​ខ្លី៕

LEAVE A REPLY

Please enter your comment!
Please enter your name here