ដំណឹងរីករាយ! ឆ្នាំ២០២០គ្រប់ភូមិទូទាំងប្រទេសមានអគ្គិសនីទៅដល់

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងថា ការអភិវឌ្ឍន៍វិស័យអគ្គិសនីមកដល់ដើមឆ្នាំ២០១៨នេះ កម្ពុជាមានខ្សែបញ្ជូនសម្រាប់ការផ្គត់ផ្គង់នៅតាមភូមិបានចំនួន៨១ភាគរយនៅទូទាំងប្រទេស។ ចំណែកផ្ទះប្រជាជន ដែលបានតភ្ជា​ប់អគ្គិសនីបានកើនដល់ចំនួនជាង៦៨ភាគរយ និងមានផែនការបញ្ចុះថ្លៃអគ្គិសនីចាប់​ពីឆ្នាំ២០១៥​-២០២០ ហើយនៅឆ្នាំ២០២០គ្រប់ភូមិទាំងអស់ នៅទូទាំងប្រទេសនឹងមានខ្សែភ្លើងទៅដល់ ហើយ៧៥ភាគរយនៃលំនៅដ្ឋានទូទាំងប្រទេសនឹងមានភ្ជាប់អគ្គិសនីប្រើប្រាស់។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានថ្លែងនៅក្នុងជំនួបសម្តែងការគួរសម ជាមួយ ឯកឧត្តម Ingo Karsten ឯកអគ្គ​រដ្ឋទូតអាឡឺម៉ង់ នៅទីស្តីការក្រសួងកាលពីថ្ងៃម្សិលម៉ិញនេះថា ដោយមានការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល និងក្រសួងប្រតិបត្តិការងារនេះផ្ទាល់ មកដល់បច្ចុប្បន្ននេះកម្ពុជាមានប្រភពវារីអគ្គិសនី៧កន្លែង បាននិងកំពុងដំណើរការ ដែលអាចផ្តល់ថាមពលបានជាង១៣២៩មេហ្គាវ៉ាត់ ក្នុងនោះប្រភពចេញពីធ្យូងថ្មមាន៥៣៨មេហ្គាវ៉ាត់។

បច្ចុប្បន្នកម្ពុជាទទួលបានប្រភពម កពីរោងចក្រដុតប្រេងខ្មៅ២៥១មេហ្គាវ៉ាត់។ ប្រភពថាមពលកកើតឡើងវិញជាង៧២មេហ្គាវ៉ាត់  និងប្រភពអគ្គិសនី ចែកចាយអគ្គិសនីតូចៗមាន១០មេហ្គាវ៉ាត់។ សរុបទាំងអស់កម្ពុជាមានថាមពលដែលកំពុងផ្គត់ផ្គង់ជាង២២០១ មេហ្គាវ៉ាត់ នៅដើមឆ្នាំ២០១៨នេះ ។

លោកស៊ុយ សែមបានបន្តថា “គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងជម្រុញឲ្យអគ្គិសនីឲ្យមានស្ថិរភាព គុណភាព សុវត្ថិភាព និងមានអគ្គិសនីគ្របដណ្តប់ ទូទាំងប្រ​ទេស មានតម្លៃទាប និងការគិតគូរខ្ពស់អំពីបរិស្ថាន  ដែលបានជម្រុញឲ្យវិស័យអគ្គិសនីនៅកម្ពុជា ទទួលបានជោគជ័យមួយយ៉ាងធំ សម្រាប់បំពេញតម្រូវការប្រើប្រាស់ ជាពិសេ​សការផ្តល់ផលប្រយោជន៍ ដល់ការអភិវឌ្ឍរបស់ប្រទេសជាតិទាំងមូល”។

ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា Ingo Karsten បានលើកឡើងថា វិស័យថាមពលមានសារៈសំខាន់ណាស់ ដើម្បីផ្គង់ផ្គង់ដល់សកម្មភាពនៃការអភិវឌ្ឍន៍ ហើយសម្រាប់អ្នកសេដ្ឋកិច្ចអាឡឺម៉ង់ ក៏ដូចអ្នកវិនិយោគដទៃទៀតនៅកម្ពុជា ពិតជាត្រូវការណាស់លើថាមពលអគ្គិសនី ជាពិសេសអគ្គិសនីដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីបម្រើនៅក្នុងតម្រូវការ នៃការអភិវឌ្ឍន៍របស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here