កម្ពុជានាំទំនិញទៅកាន់ទីផ្សារអាម៉េរិក ៣០៦៤លានដុល្លារកើនឡើង៩ភាគរយ

0

ដោយ វុត្ថា

ភ្នំពេញៈ អាមេរិកនៅតែជាទីផ្សារដ៏ធំរបស់កម្ពុជា ដោយទំហំនាំចេញរបស់​កម្ពុជាទៅកាន់សហរដ្ឋអាមេរិក មានទឹកប្រាក់៣០៦៤លានដុល្លារ កើនឡើងជិត​៩ភាគរយកាលពីឆ្នាំមុន។

យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ដែលទើបទទួលបានកាលពីថ្ងៃម្សិ​លម៉ិញបានបង្ហាញថា ប្រទេសកម្ពុជា​បាននាំ​ចេញ​មុខទំនិញ​នានាទៅលក់នៅសហរដ្ឋអាមេរិក បានកើនពី២.៨១៤លានដុល្លារអាម៉េរិកកាលពីឆ្នាំ២០១៦ ដល់​ចំនួន៤០៦៤លានដុល្លារនៅឆ្នាំ២០១៧ កើនឡើង៨,៨៨ភាគរយ។

ទិន្នន័យដដែលបានបង្ហាញថា ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាម៉េរិក ភាគច្រើនជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង ព្រម​ទាំង​ប្រភេទ​ទំនិញ កាបូប​យួរសម្រាប់អ្នកដំណើរជាដើម។ ដោយឡែកការនាំចូលមុខ​ទំនិញ​នានា​របស់​កម្ពុជាពីសហរដ្ឋ​អាមេរិក​វិញ មានតម្លៃទឹកប្រាក់ប្រមាណ៤០០លានដុល្លារអាម៉េរិក កើនឡើង១១ភាគរយ ពីទំហំទឹកប្រាក់​៣៦០លានដុល្លារអាម៉េរិក។

មុខទំនិញ​សំខាន់ៗដែលកម្ពុជា នាំចូលពី​សហរដ្ឋអាមេរិក​មាន ​ដូចជា​ គ្រឿង​អេឡិចត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខារពេទ្យ។ សហរដ្ឋអាមេរិក ​គឺជា​ទីផ្សារ​ធំបំផុត​​លំដាប់ទី២​សម្រាប់កម្ពុជា ​បន្ទាប់​ពីទីផ្សារ​សហគមន៍អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិក​ បានស្រូប​យក​ក្នុងរង្វង់​ពី​២០​ ទៅ៣០​ភាគរយ នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។

កាលពីឆ្នាំ្ម​មុន រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការអនុគ្រោះពាណិជ្ជកម្មពន្ធទាំងស្រុងដល់ប្រទេសកម្ពុជា សម្រាប់​ប្រភេទ​កាបូបយូរអ្នកដំណើរចូលទៅកាន់ទីផ្សាររបស់ខ្លួន ដែលនេះគឺជា​ផ្នែកមួយជំរុញ ឱ្យការនាំ​ចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក មានសន្ទុះកើនឡើង។

យោងតាមស្មារតីនៃសេចក្តីប្រកាសរួម របស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សន្យាថា​ នឹងផ្តល់ឱ្យប្រទេសអភិ​វ ឌ្ឍន៍តិចតួច ក្នុងនោះរួមមានកម្ពុជាផងដែរ នូវការអនុគ្រោះ​ពន្ធនាំចូល​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក ឱ្យបានយ៉ាងតិច៩៧ភាគរយ ក្នុងលក្ខខណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភពលោក។ប៉ុន្តែគិតមកទល់នឹងពេលនេះ សហរដ្ឋអាមេរិក​បានផ្តល់​នូវការអនុគ្រោះ​ពន្ធដល់​កម្ពុជា​ត្រឹមតែ៨២,៦ភាគរយតែប៉ុណ្ណោះ។

រដ្ឋបាលលោកប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ចេញ​គោល​នយោ​បា​យស្តីពី ការធ្វើពាណិជ្ជកម្មប្រកួតប្រជែង មានលក្ខណៈស្មើភាពគ្នា ខណៈ​សហរដ្ឋ​អាមេរិក​ មាន​ឱនភាព​​ពាណិជ្ជកម្ម​ជាមួយបណ្តាប្រទេសមួយចំនួន ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង កាណាដា ម៉ិកស៊ិក ឥណ្ឌូណេស៊ី​ ថៃឡង់ដ៏ និងវៀតណាម ដែលមានតម្លៃចាប់ពី១០ ដល់៣០ប៊ីលានដុល្លារអាម៉េរិក។

សហរដ្ឋអាមេរិក​នឹងធ្វើការចរចាឡើងវិញ នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយបណ្តា​ប្រទេស​ដៃគូរបស់​ខ្លួន​ទាំងនេះ។​

បើតាមការបញ្ជាក់​ពីមន្ត្រីជាន់ខ្ពស់អាមេរិក បាន​លើកឡើង​នាពេល​កន្លង​មកថា​ សហរដ្ឋអាមេ​រិក គ្មានបំណងចាត់វិធានការណាថ្មីនោះទេ ពោលគឺរក្សា​ស្ថាន​ភាពទាក់​ទងពាណិជ្ជកម្ម​ដដែល​ ព្រោះទំហំពាណិជ្ជកម្មដែលកម្ពុជា បាននាំចូលមកសហរដ្ឋអាមេរិក មានទឹកប្រាក់តែពី២០០០ទៅ៣០០០លានដុល្លារអាមេ រិក​តែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here