ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានសន្យាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជាថា បេសកកម្មរបស់លោកនៅក្នុងប្រទេសកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំងពីឲ្យកាន់តែល្អ និងដើម្បីជំរុញអ្នកវិនិយោគទុនកូរ៉េអោយមកវិនិយោគនៅកម្ពុជាអោយកាន់តែច្រើនឡើង។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ នាវិមានរដ្ឋសភា លោក Oh Nak Young ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៨ នេះ គឺរដ្ឋាភិបាលកូរ៉នឹងជំរុញអោយមានទំនាក់ទំនងរវាងប្រជាជនកូញរ៉េ និងប្រជាជនកម្ពុជាអោយកាន់តែមានទំណាក់ទំនងល្អនឹងគ្នា រួមជាមួយទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យវប្បធម៍ និងសន្តិភាពផងដែរ។
-->
ឯកអគ្គរដ្ឋទូតថ្មីរូបនេះ បន្ថែមទៀតថា នយោបាយឆ្ពោះទៅកាន់ទិសខាងត្បូង របស់កូរ៉េនោះគឺសុទ្ធសឹងតែជាគោលនយោបាយដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងល្អជាមួយប្រទេសក្នុងតំបន់អាស៊ាន រួមទាំងកិច្ចសហប្រតិបត្តិការ មេគង្គ-កូរ៉េ ជាដើម ដែលត្រូវពង្រីកពីកម្រិតរដ្ឋមន្ត្រីការបរទេសអោយទៅជាកម្រិតរដ្ឋាភិបាល។
លោកអគ្គរដ្ឋទូតបានមើលឃើញប្រទេសកម្ពុជាមានការផ្លាស់ប្តូរនិងរីកចម្រើនយ៉ាងខ្លាំង គឺទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការរីកលូតលាស់របស់កម្ពុជា គឺមានការចូលរួមចំណែកយ៉ាងច្រើនពីប្រទេសកូរ៉េ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីពេញចិត្តនិងអរគុណយ៉ាងខ្លាំងចំពោះការជួយសម្របសម្រួលយកចិត្តទុកដាក់ពីរដ្ឋាភិបាលកូរ៉េចំពោះពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េ ដែលបាននាំមកនូវប្រាក់ចំណូលយ៉ាងច្រើសម្រាប់អភិវឌ្ឍន៍សង្គមគ្រួសារនៅកម្ពុជា និងបានអបអរសាទរនិងស្វាគមន៍ផងដែរចំពោះដំណើរការសាងសង់អាគារ៤២ជាន់ឡើងវិញ ដែលបានទុកចោលអស់រយៈពេលដ៏យូរមកហើយនោះ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានស្នើសុំប្រទេសកូរ៉េជួយកសាងស្ពានមិត្តភាពកូរ៉េ-កម្ពុជានៅកម្ពុជា ព្រោះកន្លងមកគឺមានស្ពានមិត្តភាពកម្ពុជា-ចិន, និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលបានកសាងរួចហើយ។ លោកអគ្គរដ្ឋទូត Oh Nak Young បានបញ្ជាក់ថា ពេលនេះរដ្ឋាភិបាលកូរ៉េកំពុងយកសំណើ ទៅសិក្សាលើគម្រោងសាងសង់ស្ពានមិត្តភាព ដែលនឹងត្រូវសាងសង់អោបានល្អបំផុត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើរអោយលោកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជារូបនេះជួយផ្សព្វផ្សាយគៀងគរ និងជំរុញទេសចរណ៍ និងអ្នកវិនិយោគកូរ៉េមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជាអោយកាន់តែច្រើន៕








