ដោយ ដែន ចែងចាំង
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិល្បកម្ម លោក ចម ប្រសិទ្ធ ក៏បានស្នើឲ្យសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា និងគណៈមេធាវីកម្ពុជា ត្រូវពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ឲ្យក្លាយជាឯកទេសកម្ម ផ្នែកដោះស្រាយវិវាទកម្មសិទ្ធិបញ្ញានៅកម្ពុជា ដើម្បីទាក់ទាញទំនុកចិត្តការវិនិយោគពីខាងក្រៅ ដែលត្រូវការកិច្ចការពារស្នាដៃ ជារបបគំហើញ និងភាពច្នៃប្រឌីតរបស់ពួកគេ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដែលសហការរៀបចំដោយក្រសួងនេះ ជាមួយសមាគមភ្នាក់ងារកម្មសិទ្ធិបញ្ញាជប៉ុន និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាកាលពីម្សិលម៉ិញនេះថា ក្រសួងឧស្សាហកម្ម តែងតែរៀបចំឲ្យមានសិក្ខាសាលានានា ពាក់ព័ន្ធវិស័យកម្មសិទ្ធិបញ្ញា សម្រាប់ផ្តល់ចំណេះដឹងដល់ស្ថាប័នមន្ត្រីពាក់ព័ន្ធ។ បច្ចុប្បន្នក្រសួងនៅតែធ្វើកិច្ចសហប្រតិបត្តិការ លើការងារទាំងនេះបន្តទៀត ដើម្បីពង្រីកចំនេះដឹងផ្នែកកម្មសិទ្ធិបញ្ញា ជាពិសេសប្រកាសនីយបត្រតក្កកម្ម (Patent) ដែលជាចំណេះដឹងមួយត្រូវការពេលវេលា និងការសិក្សាស្វែងយល់យូរអង្វែង។