ភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជាកើនឡើងខ្លាំងក្នុងដើមឆ្នាំនេះ

0

ដោយ ដួង ចន្រ្ទា

ភ្នំពេញ ក្រុមប្រតិបត្តិករទេសចរណ៍នានាបានលើកឡើងថា ចំនួនភ្ញៀវទេ​សចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ក្នុងរយៈពេលជិត២ខែដើមឆ្នាំ២០១៨នេះ បានកើនឡើងខ្លាំងធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកលូ ម៉េងសហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជនបានថ្លែង  ឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថកងៃទី២១ កុម្ភៈនេះថា យើងទទួលបានភ្ញៀវទេ​សចរណ៍កើនឡើងច្រើនលើសការរំពឹងទុក សម្រាប់ដើមឆ្នាំ២០១៨នេះ ប៉ុន្តែយើងមិនដឹងពីមូលហេតុនោះទេ។លោកបន្តថា យើងកំពុងសិក្សារកមូលហេតុពី​កំនើនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលបានមកទស្សនាកម្ពុជាកំឡុងពេលនេះ។

លោកបន្តថា “កំនើនភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាកំឡុងដើមឆ្នាំនេះ កើនឡើងគ្រប់ជាតិសាសន៍ ជាអ្វីដែលខ្ញុំកត់សំគាល់ឃើញ ហើយវាជារឿងរីករា​យសម្រាប់យើងទាំងអស់គ្នា”។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបាន​ថ្លែងស្រដៀងគ្នាថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាដើមឆ្នាំនេះ ពិតជាកើនឡើងខ្លាំង ហើយកំនើននេះដោយសារកម្ពុជាបានភ្ជាប់ជើងហោះហើរកាន់តែច្រើនជាមួយបណ្តាប្រទេសនានា ពិសេសប្រទេសចិនដែលបានភ្ជាប់​ការហោះហើរត្រង់មកកាន់កម្ពុជាកាន់តែច្រើន។លោកស្រីបន្តថា ទីផ្សារប្រទេស​ចិននៅមានសក្តានុពលច្រើនថែមទៀត ដែលយើងរំពឹងនឹងមានការភ្ជាប់ជើងហោះហើរត្រង់កាន់តែច្រើននាពេលខាងមុខ។

លោកស្រីបន្តថា “គោលនយោបាយទេសចរណ៍ បានបើកផ្លូវឲ្យកម្ពុជាកាន់​តែទូលំទូលាយទៅកាន់ពិភពលោក ហេតុនេះខ្ញុំជឿថាវិស័យនេះនឹងបន្តរីកចម្រើ​នបន្ថែមទៀត”។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន World Express &Travel បានថ្លែងថា គោលនយោបាយបើកចំ​ហជើងមេឃរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់នូវកាលានុវត្តន៍ភាពដ៏សំខាន់ ដែលធ្វើឲ្យកម្ពុជាទទួលបានជើងហោះហើរកាន់តែច្រើន​ដែលរហូតមកទល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិប្រ​មាណ៤៣ក្រុមហ៊ុនកំពុងភ្ជាប់ជើងហោះហើរត្រង់មកម្ពុជា។

លោកបន្តថា “ការបង្កើនជើងហោះហើរកាន់តែច្រើន កម្ពុជានឹងទទួលបា​ន​ផលប្រយោជន៍កាន់តែច្រើន ទាំងភ្ញៀវទេសចរណ៍ ទាំងការវិនិយោគ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសជាដៃគូ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here