កូរ៉េសុំកម្ពុជាគាំទ្រមហិច្ឆតាយក្សរបស់ខ្លួនមកតំបន់អាស៊ាន

0

ដោយ វុត្ថា

ភ្នំពេញប្រធានាធិតបតីថ្មី ដែលមាននិន្នាការស្តាំនិយមបានដាក់ចេញនូវគោលនយោបាយថ្មីមួយ ក្នុងការឆ្ពោះមកតំបន់អាស៊ីខាងត្បូង ដើម្បីពង្រីកឥទ្ឋិពល និងកសាងមូលដ្ឋាននៃអំណាចសេដ្ឋកិច្ចរបស់ពួកគេ។

ក្នុងជំនួបជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា លោក Oh Nak-Young  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េថ្មី ទើបតែងតំាងថ្មីប្រចំានៅកម្ពុជា បានស្នើសុំសម្តេចប្រធានរដ្ឋសភាជួយគំា​ទ្រ និងជំរុញគោលនយោបា​យ​ថ្មី របស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េចំពោះតំបន់អាស៊ីខាងត្បូង។

ក្នុងឳកាសជួបជាមួយប្រធានរដ្ឋសភាកម្ពុជា​ លោកទូតបានជម្រាបជូនសម្តេចថា ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោកមូន ជេអ៊ីន បានដាក់ចេញនូវគោលនយោបាយកិច្ចសហប្រតិបត្តិការអាស៊ីខាងត្បូង ដែលសំដៅដល់កិច្ចសហប្រតិ​បត្តិការរវាងកូរ៉េ ជាមួយបណ្តាប្រទេសអាស៊ី-អាគ្នេយ៍។ កិច្ចសហប្រតិបត្តិការនេះ មិនសំដៅត្រឹមតែការរឹតចំណងការទូតនោះទេ តែសំដៅដល់កិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជនថែមទៀត​។

លោក Oh Nak-Young បានបញ្ជាក់ថា “ចំណងមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានតំាងពីយូរមកហើយ បានរីកចម្រើនគួរឲ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ”។លោកបន្តថា “ប្រជាជនកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ បានបង្កើតសហគមន៍ជាច្រើនក្នុងប្រទេសកូរ៉េ។ ចំណែ​ក​សហគមន៍ប្រជាជនកូរ៉េ នៅក្នុងប្រទេសកម្ពុជាក៏មានការរីកចម្រើនជាលំដាប់ដែរ​”។

លោកបន្តា “ចំណងមិត្តភាពរវាងប្រទេស និងប្រទេស។ ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរ គឺមានលក្ខណៈសម្បត្តិសមគួរណាស់ ក្នុងការអនុវត្តគោលនយោបាយអាស៊ីខាងត្បូង។ យើងខ្ញុំស្នើសុំ សម្តេច ជួយជំរុញកិច្ចការនេះ” នេះជាប្រសាសន៍របស់ឯកឧត្តម អូ ណាក់យ៉ុង”។

ជាការឆ្លើយតបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគំាទ្រនិងវាយខ្ពស់ ហើយបានចាត់ទុកបេសកកម្មនេះរបស់លោក Oh Nak Young មកកាន់កម្ពុជា ស្របពេលដែលទំនាក់ទំនងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេសទាំង​ពីរ(កម្ពុជា-កូរ៉េ) មានការរីកចម្រើនគួរឱ្យកត់សំគាល់ លើគ្រប់វិស័យ​ទំាង វិស័យនយោបាយ ការទូត សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិនិយោគ និងទេសចរណ៍ជាដើម។

សាធារណរដ្ឋកូរ៉េបាន និងកំពុងដើរតួយ៉ាងសំខាន់​ ក្នុងការចូលរួមអភិវឌ្ឍ ប្រទេសកម្ពុជា តាមរយៈ​ការផ្តល់ជំនួយឥតសំណង កម្ចីឥណទានសម្បទាន ដែ​ល​​គំរោងនានាជាច្រើន ដូចជា ហេដ្ឋា​រចនា​សម្ព័ន្ធ សុខាភិបាល និងអភិវឌ្ឍន៍ជន​បទ ជាដើម។ ក្រៅពីនេះ សាធារណរដ្ឋកូរ៉េ ក៏ជាទីផ្សារការងារដ៏ធំ សម្រាប់ពលករកម្ពុជា។

សម្តេចបន្តថា “ខ្ញុំសង្ឃឹមថា តាមរយៈបេសកកម្មការទូត ដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តម នឹង​បន្តខិត​ខំលើកទឹកចិត្តរដ្ឋាភិបាលកូរ៉េ បន្តបង្កើនចំនួនកូតា​ ចំពោះ​ពលករកម្ពុជា កាន់តែច្រើនថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here