ដំណឹងល្អ!!! សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើន ៧% សម្រាប់ឆ្នាំនេះ និងឆ្នាំ២០១៩

0

ដោយ គង់ សូរិយា

ភ្នំពេញសេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំណើនល្អប្រសើរ ដោយកម្ពុជានឹងរក្សាបានកំនើនសេដ្ឋកិច្ច៧ភាគរយនៅឆ្នាំនេះ និងឆ្នាំ២០១៩ខាងមុខនេះ ដោយ​សារការជំរុញពីវិស័យបីសំខាន់ៗ។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក វង្សី វិស្សុតបានថ្លែង ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីធ្វើការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាកាលពីម្សិលម៉ិញនេះថា នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ខាងមុខនេះ តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់៧ភាគរយ ក្នុងនោះវិស័យកសិកម្មត្រូវបានរំពឹងថា នឹងបន្តកំណើនក្នុងរង្វង់១,៨ភាគរយ វិស័យឧស្សាហកម្ម នឹងបន្តរក្សាកំណើនរឹងមាំ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ១០ភាគរយ និងវិស័យសេវាកម្មត្រូវបានព្យាករណ៍ថា នឹងមានកំណើនខ្ពស់ក្នុងរង្វង់ប្រមាណ៧ភាគរយផងដែរ។

លោក​បន្តថា  “ទោះបីយ៉ាងណាក៏ដោយសេដ្ឋកិច្ចកម្ពុជា នឹងត្រូវជួបប្រទះនូវហានិភ័យ និងបញ្ហាប្រឈមមួយចំនួន ទាំងដែលបណ្តាមកពីតក្តាខាងក្រៅ និងខាងក្នុង ដូច្នេះយើងចាំបាច់ត្រូវមានអប្បមាទជាប់ជាប្រចាំ ព្រោះការមិនប្រុងប្រយ័ត្ននៅពេលមិនទាន់មានបញ្ហាកើតឡើង គឺជាហានិភ័យដ៏គ្រោះថ្នាក់មួយសម្រាប់យើង”។

លោកបន្តថា ​កម្ពុជាគួរត្រូវបន្តធ្វើទំនើបកម្ម មូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ទៅរកសេដ្ឋកិច្ច ដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងក្លាយជាសេដ្ឋកិច្ចបង្កើតតម្លៃក្នុងរយៈពេលវែងខាងមុខ ដែលកម្ពុជាត្រូវដាក់ចេញនូវវិធានការណ៍ គោលនយោបាយចាំបាច់មួយចំនួននៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ឱ្យបន្តសម្រេចបានក្នុងរង្វង់៧ភាគរយ តាមរយៈការបន្តអភិវឌ្ឍន៍លើ​កកម្ពស់ក្បាលម៉ាស៊ីនសេដ្ឋកិច្ច ប្រពៃណីដែលមានស្រាប់ និងបង្កើតក្បាលម៉ាស៊ី​នសេដ្ឋកិច្ចថ្មីៗផងដែរ ។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​បានយល់ស្របនឹងការលើកឡើងនេះ ដោយលោកបានថ្លែងថា តាមធម្មតាយើង​ឃើញសេដ្ឋកិច្ចកម្ពុជានៅតែមានសញ្ញាវិជ្ជមាន ប៉ុន្តែវាទាមទារឲ្យកម្ពុជាខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាក្រវ៉ាត់(កំនើន)នេះ ព្រោះនៅពេលទំហំសេដ្ឋកិច្ចយើងកាន់តែធំ ទំហំនៃកំនើនអាចថយចុះ ប៉ុន្តែទំហំទឹកប្រាក់នឹងបន្តកើនឡើង។​លោកបន្តថា ផ្ទុយទៅវិញបើយើងខិតខំប្រឹងប្រែងទាំងអស់គ្នា ហើយយើងអាច​បន្តរក្សាកំនើនសេដ្ឋកិច្ចបាន៧ភាគរយបន្តទៀត ជារឿងអបអរសាទរសម្រាប់ទាំងអស់គ្នា។

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជាមានបញ្ហាប្រឈមដដែលៗ ប៉ុន្តែការងារនេះ​រដ្ឋាភិបាលបាននិងកំពុងខិតខំធ្វើបណ្តើរៗហើយ ព្រោះវិស័យអ្វីមួយមិនអាចធ្វើមួ​យថ្ងៃទេ វាត្រូវការពេលវេលាសមស្របមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here