ប្រធាន CATA អំពាវនាវឲ្យមានការវិនិយោគភោជនីយដ្ឋានខ្នាតធំនៅតំបន់ឆ្នេរ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រី ឆាយ ស៊ីវលីន បានអំពាវនាវឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិចូលរួមវិនិយោគភោជនីយដ្ឋានខ្នាតធំ ដើម្បីអាចទទួលភ្ញៀវទេសចរណ៍អន្តរជាតិជាក្រុមបាន។

លោកស្រីបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា បច្ចុប្បន្ននៅខេត្តកំពត កែប ខេត្តកោះកុង មិនទាន់មានភោជនីយដ្ឋានស្តង់ដាអន្តរជាតិ និងមានទំហំធំ​សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិសម្រាប់ក្រុមធំៗនៅឡើយទេ។ហេតុនេះ ទាមទារឲ្យមានការវិនិយោគភោជនីយដ្ឋានខ្នាតធំ ដែលអាចដាក់ភ្ញៀវចន្លោពី៣០០ទៅ១០០០នាក់បាន ដើម្បីឲ្យខេត្តទាំងនោះកាន់តែមានភាពទាក់ទាញ និងក្រុមប្រតិបត្តិករទេសចរណ៍ អាចរៀបចំកញ្ចប់ទេសចរណ៍បានងាយស្រួល។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា “បច្ចុប្បន្ននៅខេត្តតាមតំបន់ឆ្នេរទាំងបួន មានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលមានភោជនីយដ្ឋានស្តង់ដាអន្តរជាតិ និងអាចទទួលភ្ញៀវទេសចរណ៍បានច្រើន”។លោកស្រីបន្តថា “ខ្ញុំគិតថាយើង​នៅតែទាមទារឲ្យមានការវិនិយោគ​បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យស្នាក់នៅយូរ និងចំណាយប្រាក់​ច្រើននៅកម្ពុជា”។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនធ្លាប់បានអំពាវនាវបែបនេះផងដែរ ដើម្បីឲ្យអ្នកវិនិយោគទុនជាតិ និងអន្តរជាតិវិនិយោគលើវិស័យបដិសណ្ឋារកិច្ច ដូចជា ភោជនីយដ្ឋាន និងសណ្ឋាគារនៅខេត្តព្រះសីហនុ និងខេត្តជាប់តំបន់​ឆ្នេរដទៃទៀត ដោយសារខេត្តជាប់តំបន់ឆ្នេរមានសក្តានុពល និងចំនួនភ្ញៀវទេស​ចរណ៍បានកើនឡើងជាប់ជាប្រចាំ ដែលធ្វើឲ្យចំនួនបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់មានការខ្វះខាត។

ប៉ុន្តែលោករដ្ឋមន្រ្តីក៏អំពាវនាវឲ្យមានការគិតគូរដល់បញ្ហាបរិស្ថាន ជាចំបង​ផងដែរ ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ធានាបាននូវនិរន្តរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here