ដំណឹង​ល្អ!!! សួនសត្វ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ​នឹង​បើក​នៅ​ថ្ងៃទី១ មេសាខាងមុខ​នេះហើយ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ដំណឹង​ល្អ​មកដល់​ហើយ បន្ទាប់ពី​ការចំណាយ​ពេល​សាងសង់​អស់​រយៈពេល​ប្រមាណ២ឆ្នាំ សួនសត្វ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ ឬ Safari World Phnom Penh នឹង​បើក​ដំនើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី១ មេសា​ខាងមុខ​នេះហើយ។

សួនសត្វ​ធំជាងគេ​នេះ ជាការ​រៀបចំ​និង​រើ​ទីតាំង​ចេញពី​ខេត្តកោះកុង មកកាន់​សង្កាត់​ព្រែក​តាសេក ខ័​ណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពោលគឺ​ស្ថិតក្នុង​ទីក្រុង​រណប​តេ​ជោ​មរកត នៃ​គំរោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប។

លោក​ឧកញ៉ា លី យ៉ុង​ផាត់ ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ការ​រើ​សួនសត្វ​ពី​ខេត្តកោះកុង មកកាន់​រាជធានី​ភ្នំពេញ​នេះ ដោយសារ​នៅ​រាជធានី​ភ្នំពេញ មាន​ភាពល្អប្រសើរ​ជាង ព្រោះ​មាន​មនុស្ស​ច្រើនជាង មាន​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ច្រើនជាង និង​រំពឹង​ទទួលបាន​ជោគជ័យ។លោក​បន្តថា ទុនវិនិយោគ​លើ​សួនសត្វ​ថ្មី​នេះ មាន​ទំហំ​ទឹកប្រាក់​ប្រមាណ៩លាន​ដុល្លារ​អាមេរិក ជាការ​វិនិយោគ​ដែល​ផ្តោតលើ​ការកម្សាន្ត​ដ៏​សម្បូរបែប សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូល​ទស្សនា។

សួនសត្វ Safari World Phnom Penh មានការ​សម្តែង​របស់​ស្វា​អូ​រ៉ង់​អូតង់ ការសម្តែង​របស់​សត្វ​សេក​ពី​អាហ្វ្រិក ការសម្តែង​របស់​ថនិកសត្វ​ដទៃទៀត និង​មាន​សេវាកម្ម​កំសាន្ត​ដ៏​សម្បូរបែប​ជាច្រើន​ទៀតផង​ដែរ។

ក្រៅពី​សួន​កម្សាន្ត​ដ៏​ធំ​នេះ ក្រុមហ៊ុន​លី យ៉ុង​ផាត់​គ្រុប​ក៏​បាននិងកំពុង​បោះទុន​វិនិយោគ៣០លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​សួន​ទឹក​កម្សាន្ត​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ និង​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន​ដោយ​ដាក់ឈ្មោះ Angkor Water Parkផងដែរ។

ការបើក​សួនសត្វ​ធំជាងគេ​នៅ​រាជធានី​ភ្នំពេញ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​កា​រប  ង្កើ​ត​រមណីយដ្ឋាន​កែច្នៃ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​ថ្លែងថា ការបង្កើត​សួនសត្វ​ថ្មី​នេះ ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ សម្រាប់​រាជធានី​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​នានា អាច​រៀបចំ​កញ្ចប់​ទស្ស​ន​កិច្ច​បានល្អ​ប្រសើរ ដោយ​ភ្ជាប់​ពី​តំបន់​សួនសត្វ​ដ៏​ធំ​នេះ មកកាន់​រមណីយដ្ឋាន​និង​តំបន់​ប្រវត្តិសាស្ត្រ​កណ្តាល​ក្រុង និង​ភ្ជាប់​ទៅកាន់​សួនសត្វ​ភ្នំ​តា​ម៉ៅ ស្ថិតក្នុង​ស្រុក​បាទី ខេត្តតាកែវ។

លោក​បន្តថា “វិស័យ​ឯកជន​តែងតែ​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​រមណី​យ​ដ្ឋា​ន​កែច្នៃ​បែបនេះ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍ និង​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here