ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ជាលើកដំបូងហើយ ដែលគណៈកម្មការមូលបត្រកម្ពុជា បានសម្រេចចិត្តឲ្យសាធារណៈជន សិស្ស និស្សិតអាចប្រកួតប្រជែងជួញដូរផ្សារហ៊ុនជាសាធារណៈ។
គួរឲ្យចាប់អារម្មណ៍ទេ ចំពោះលក្ខខ័ណ្ឌនៃការប្រកួតនេះ? យោងតាមព័ត៌មានពីគណកម្មការផ្សារមូលបត្រកម្ពុជា បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងទាក់ទងនឹងផ្សារហ៊ុន និងការជួញដូរភាគហ៊ុន ផ្សារមូលបត្រកម្ពុជា បានបើកការប្រកួតជួញដូរភាគហ៊ុនដោយសេរី ដោយចាប់ផ្តើមពីដើមទុនវិនិយោគដំបូងតែ ៤០ម៉ឺនរៀល ឬ១០០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងករណីជួញដូរខាត ផ្សារមូលបត្រកម្ពុជា នឹងសងប្រាក់ដែលខាតជូនវិញដោយធៀបនឹងប្រាក់ ៤០ម៉ឺនរៀល ប៉ុន្តែប្រសិនបើចំណេញ ប្រាក់ចំណេញទាំងនោះគឺជារបស់អ្នកចូលរួមប្រកួត។
-->

កម្មវិធីប្រកួតជួញដូរភាគហ៊ុននេះ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៨ ដើម្បីជ្រើសរើសជើងខ្លាំងដែលជួញដូរបានចំណេញច្រើនជាងគេ៣រូបឲ្យទទួលរង្វាន់ ដោយជ័យលេភីជាប់ចំណាត់ថ្នាក់លេខ១នឹងទទួលបានទឹកប្រាក់៨លានរៀល ជ័យលាភីលេខ២នឹងទទួលបានប្រាក់រង្វាន់៥លានរៀល និងជ័យលាភីលេខ៣ នឹងទទួលបានប្រាក់រង្វាន់៣លានរៀល។
ព័ត៌មានរបស់គណៈកម្មការមូលបត្របានឲ្យដឹងថា ដើម្បីឲ្យលោកអ្នកបានត្រៀមខ្លួន និងយល់ដឹងខ្លះៗពីការផ្សារហ៊ុន ការទិញនិងជួញដូរភាគហ៊ុន ព្រមជាមួយនឹងលក្ខខណ្ឌក្នុងការប្រកួត ផ្សារមូលបត្រកម្ពុជា ក៏មានបើកវគ្គបណ្តុះបណ្តាលបន្ថែមដោយឥតគិតថ្លៃ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៣ ទី២០ និងទី២១ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។

ប្រញាប់ឡើង ប្រសិនជាលោក អ្នកចាប់អារម្មណ៍សូមចុះឈ្មោះចូលរួម ព្រោះការចុះឈ្មោះចូលរួមប្រកួត នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ខែតុលា ឆ្នាំ ២០១៧ខាងមុខនេះ។ ចំនួនអ្នកដែលត្រូវចូលរួមប្រកួតកំណត់យកត្រឹមតែ ៥០០នាក់ប៉ុណ្ណោះ៕