ក្រុមហ៊ុន​អាកាសចរណ៍​នឹង​បន្ត​ការកើនឡើង​នៅ​កម្ពុជា​បន្ថែមទៀត

0

ដោយ វុត្ថា

ភ្នំពេញ៖ ស្រប​ពេលដែល​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​មានកា​រ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បានធ្វើអោយ​អ្នកធ្វើ​ជំនួញ​លើ​ផ្នែក​វិស័យ​អាកាសចរណ៍​ស៊ីវិល បាននិងកំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​វិស័យនេះ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។

យោងតាម​មជ្ឈមណ្ឌល​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (CAPA)  បានចេញ​របាយការណ៍​បញ្ជាក់​កាលពីពេលថ្មីៗនេះ​ថា វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅ​កម្ពុជា នឹង​បន្ត​ការកើនឡើង​ក្នុង​ឆ្នាំ២០១៨នេះ​បន្ថែមទៀត។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន៧ និង​ក្រុមហ៊ុន​ជាច្រើន​ទៀត នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០១៨ ។

របាយការណ៍​ដដែល​បាន​បញ្ជាក់ថា “វិស័យ​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែលនាំឱ្យ​មានការ​ពង្រីក​យ៉ាង​លឿន​ដល់​វិស័យនេះ​នៅ​កម្ពុជា។របាយការណ៍​បញ្ជាក់ថា“មាន​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន៣បន្ថែមទៀត គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ២០១៨នេះ ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍ មួយចំនួន​ដែល​កំពុងដំណើរការ​ហោះ​ហើរ និង​បន្ត​ពង្រីក​បន្ថែមទៀត។

ក្រុមហ៊ុន JC International Airlines ដែល​បាន​ដំណើរការ​មិនទាន់បាន​មួយឆ្នាំ​ស្រួលបួល​ផង​នោះ អាច​នឹង​ក្លាយជា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ តាម​អាកាស​ក្នុងស្រុក​ដ៏​ធំជាងគេ​នៅក្នុង​ចុងឆ្នាំ២០១៨ នេះ ។ ខណៈ​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន ពីរ​ដែល​ធំជាងគេ បាននិងកំពុង​ប្រតិបត្តិការ ដឹក​អ្នកដំណើរ​ក្នុងស្រុក​ធំជាងគេ គឺ Cambodia Angkor Air និង Sky Angkor Air  ដែល​ទទួលជោគជ័យ​ខ្លាំង។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ហូ វណ្ឌី​បាន​ថ្លែងថា បច្ចុប្បន្ន​វិស័យ​អាកាសចរណ៍​ពិតជា​មានការ​រីកចម្រើន ដោយសារ​ចំនួន​អ្នកធ្វើដំណើរ​តាមផ្លូវ​អាកាស​ច្រើនជាង​តាមផ្លូវ​គោក និង​ផ្លូវទឹក។ កំនើន​វិស័យ​អាកាសចរណ៍​មួយឆ្នាំ​កើន​ប្រមាណ១០ភាគរយ ឬ​ច្រើនជាង​នេះ ដោយសារ​ការកើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍ អ្នកវិនិយោគ និង​អ្នកធ្វើដំណើរ​នានា។

លោក​បន្តថា “ការរីកចម្រើន​វិស័យនេះ ដោយសារ​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រដ្ឋាភិបាល ការរីកចម្រើន​នៃ​ការវិនិយោគ ការបើកចំហ​ទីផ្សារសេរី ដែល​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​បោះទុន​កាន់តែច្រើន។លោក​បន្តថា “ការប្រកួតប្រជែង​ក្នុង​តំបន់ និង​ក្នុងប្រទេស និង​កំនើន​ប្រាក់ចំណូល​របស់​ប្រជា ពលរដ្ឋ ក៏​រួមចំណែក​យ៉ាងសំខាន់​ដល់​វិស័យនេះ​ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here