សម្តេច​តេ​ជោ៖ កម្ពុជា​នឹង​ទទួលបាន​ចំណូល ១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០៣០

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ សម្តេច​តេ​ជោ​លើកឡើងថា ប្រទេស​កម្ពុជា​រំពឹងថា​ទទួលបាន​ចំនួន១០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០៣០ ពី​ភ្ញៀវ​ទេសចរណ៍​ចំនួន១៥លាន​នាក់ ដែល​នឹង​មក​ទស្សនា​កម្ពុជា។

សម្តេច​បាន​មានប្រសាសន៍ ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងទេសចរណ៍ ន​ល្ងាច​ថ្ងៃទី២៨ កុម្ភៈ​នេះ​ថា វិស័យនេះ​នឹង​ផ្តល់​ការងារ​ដោយផ្ទាល់​ជិត១លាន​នាក់ ហើយ​នៅ​ឆ្នាំ២០៣០ នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍១៥លាន​នាក់ និង​បង្កើត​ការងារ២លាន​នាក់ និង​ចំណូល១០ពាន់​លាន​ដុល្លារ​អាមេរិក។

សម្តេច​បន្តថា “សន្តិភាព ស្ថេរភាព​នយោបាយ និង​សន្តិសុខ​ជា​ធាតុ​ដ៏​សំខាន់ សម្រាប់​ធានាថា កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ។សម្តេច​បន្តថា “គ្មាន​ទេសចរណ៍​ណា​ទៅ​ទស្សនា​ប្រទេស​ដែលមាន​សង្គ្រាម​នោះឡើយ ហេតុនេះ​កម្ពុជា​មិន​ត្រឹមតែ​ទប់ស្កាត់​ភេ​វរ​កម្ម​នោះឡើយ សូម្បីតែ​ចោរកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ក៏ត្រូវ​ទប់ស្កាត់​ផងដែរ។

ជាមួយនេះ​សម្តេច​ក៏បាន​លើកឡើងថា “កម្ពុជា​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ជាមួយ​ស្នាមញញឹម រួសរាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ភ្ញៀវ​ទេសចរណ៍​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា កាន់តែច្រើន​ថែមទៀត នៅពេល​មានការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​កាន់តែច្រើន ជាពិសេស​ការតភ្ជាប់​ផ្លូវ​វ​អាកាស ផ្លូវគោក និង​ផ្លូវទឹក។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី​បាន​ថ្លែងថា ប្រសិនជា​កម្ពុជា​នៅ​រក្សាបាន​ស្ថិរភាព​នយោបាយ កំនើនសេដ្ឋកិច្ច និង​លំហូរ​ភ្ញៀវ​ទេសចរណ៍​នៅតែមាន​សញ្ញា​វិជ្ជមាន​បែបនេះ និង​មិនមាន​ហេតុការណ៍​ឬ​មហន្តរាយ​ធម្មជាតិ​នានា ឬ​បញ្ហា​ភេ​វរ​កម្ម ឬ​ការផ្ទុះ​សង្គ្រាម​នៅលើ​ពិភពលោក​ណាមួយ​កម្ពុជា នឹង​សម្រេចបាន​តាម​អ្វី​ជាការ​ព្យាករណ៍​របស់​ស​ម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា។

លោក​បន្តថា “បច្ចុប្បន្ន​វិស័យ​ផ្លូវអាកាស​កម្ពុជា កំពុង​តែមាន​សញ្ញា​វិជ្ជមាន ដោយ​ចំនួន​ការហោះហើរ កំនើន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​មក​កម្ពុជា នឹងធ្វើ​ឲ្យ​លំហូរ​ទេសចរណ៍​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here