ប៉ោយប៉ែត នឹង​ប្រែក្លាយ​ពី​ច្រក​ដឹកជញ្ជូន មកជា​ទីក្រុង​ដ៏​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ជាប់​ព្រុំដែន​ថៃ

0

ប៉ោយប៉ែត គឺជា​ក្រុង​មួយ​ដែល​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ​ជាប់​នឹង​ព្រុំ​ដែនកម្ពុជា-ថៃ ហើយក៏​ជា​ច្រកទ្វារ​សេដ្ឋកិច្ច​អន្តរជាតិ​យ៉ាងសំខាន់​លើ​ការដឹកជញ្ជូន ក៏ដូចជា​ច្រកចេញចូល​លើ​វិស័យ​ទេសចរណ៍​ផងដែរ។ ដោយឡែក​សម្រាប់ 2018-2021 បន្ទាប់ពី​ទទួល​ជ័យលាភី​ជាទី​ក្រុង​ស្អាត ក្រោម​រហស្សនាម​ថា​ជា«ផ្ការំដួល2ទង» កាលពីពេល​កន្លងទៅថ្មីៗនេះ អជ្ញាធរ និង​ថ្នាក់ដឹកនាំ​ខេត្ត​បានចេញ​គម្រោង​ជា​ផ្លូវការ​មួយ​ក្នុង​ការរៀបចំ និង​កែប្រែ​មុខមាត់​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ដែល​ធ្លាប់តែ​ផ្តោតទៅលើ​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ មកជា​ទីក្រុង​ដ៏​ឆើតឆាយ និង​ទាក់ទាញ​បំផុត​លើ​វិស័យ​ទេសចរណ៍។

លោក សាន ស៊ានហូ អភិបាល ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី28 ខែកុម្ភៈ ម្សិលមិញ​នេះ​ថា ជាគោលការណ៍​រួម អាជ្ញាធរ និង​ថ្នាក់ដឹកនាំ​ក្រុង នឹង​ព្យាយាម​កែប្រែ​មុខមាត់​ក្រុង​ប៉ោយប៉ែត​ឱ្យក្លាយ​ជាទី​ក្រុង​ដ៏​ស្រស់ស្អាត និង​ទាក់​បំផុត ក្រោម​ការរៀបចំ​សណ្តាប់ធ្នាប់ ការកសាង​ហេ​ដ្ឋា​រចនា​សម្ពន្ធ ក៏ដូចជា​រូ​ម​សំណាក​នានា​ដែល​បង្ហាញ​ពី​វប្បធម៌ អរិយធម៌ បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​ខ្មែរ។ លោក​បាន​បញ្ជាក់ថា «ការកែលម្អ​សោភ័ណភាព​ក្នុង​ក្រុង​ប៉ោយប៉ែត ដែល​គម្រោង​អាទិភាព​ទាំងនោះ​មានដូចជា ការរៀបចំ​សាងសង់​រង្វង់ ថ្មី​មួយ​ដ៏​ស្រស់ស្អាត​រំលេច​ដោយ​ប្រាង្គ​ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ បន្ទាយស្រី ដើមត្នោត​ព្រមទាំង​ឈ្មោះ​នៃ​រាជធានី ខេត្ត​ទាំង 25 របស់​កម្ពុជា​ផងដែរ ហើយ​ដែល​កំពុងដំណើរការ។ ក្រៅពីនេះ​នៅមាន​គម្រោង​ធ្វើ​សួនច្បារ ដោយមាន​រំលេច​ផ្កា និង​ដើមត្នោត​ចាប់​មាត់ ច្រកទ្វារ ព្រំដែន​រហូតដល់​វត្ត​បា​លិ​លេ​យ្យ ការ​ពុះ​ចែក​ទ្រូងផ្លូវ និង​ការរៀបចំ​តាំង​លម្អ​ភ្លើង​ជាដើម។ ដោយឡែក ចំពោះ​បញ្ហា​សម្អាត​ផ្លូវថ្នល់​ការប្រមូល​សំរាម និង​ការ​ទុកដាក់​សំរាម​ក៏​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់​តាម​រយៈ​ការ​បំផុស​ចលនា​ចូលរួម​ពី​ប្រជាពលរដ្ឋ។

លោក​បាន​បន្ថែមទៀតថា ៖ សម្រាប់​ឆ្នាំ2018នេះ ក្រុង​ប៉ោយប៉ែត នឹង​បង្ហាញខ្លួន​ក្នុង​រូបរាង​ថ្មី មាន​ភាពល្អប្រសើរ​ជាង​មុន ដើម្បីឱ្យ​ស័ក្ដិ​សមជា​ក្រុង​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត។ បច្ចុប្បន្ន​នៅទីនេះ មាន​មជ្ឈមណ្ឌល​កម្សាន្ត​ដែល​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ​ជាច្រើន ដែល​ក្នុងនោះ​មណ្ឌល​ទំនិញ​ម៉ាក​ល្បី , កាស៊ីណូ​ខ្នាត​អន្តរជាតិ, ភោជនីយដ្ឋាន​បែប​ទំនើប, សណ្ឋាគារ​ប្រណីត ជាពិសេស តំបន់​កម្សាន្ត​អាងទឹក​អូរ​ខៃ​ដន ជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here