ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងរកបានដៃគូអភិវឌ្ឍន៍ថ្មី មកជួយអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែមានការរីកចម្រើនថែមទៀត នោះគឺប្រទេសអូទ្រីសបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងនាពេលឆាប់ៗខាងមុខនេះ។

-->
លោកជំទាវ Eva Hager ឯកអគ្គរដ្ឋទូតប្រទេសអូទ្រីស ប្រចាំនៅកម្ពុជា បានថ្លែងលើកឡើងនៅក្នុងជំនួបពិភាក្សា ពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសឱកាសវិនិយោគរបស់វិនិយោគិនអូទ្រីស នៅកម្ពុជា ជាមួយលោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃម្សិលម៉ិញនេះថា ភាគីអូទ្រីសមានគោលបំណងផ្តល់ជូនល័ក្ខខ័ណ្ឌឥណទាន ដែលមានលក្ខណៈសម្បទានខ្ពស់ដល់កម្ពុជា សម្រាប់គម្រោងជាក់លាក់មួយចំនួន ដែលស្របតាមអាទិភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះប្រទេសអូទ្រីស បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥត សំណងនាពេលឆាប់ៗខាងមុខ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាប្រកបដោយចីរភាព។
លោកជំទាវបានបន្តថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ ក៏មានអ្នកវិនិយោគិនអូទ្រីសចំនួន១៧ក្រុមហ៊ុនបានចូលរួមផងដែរ ដើម្បីជួបពិភាក្សាកម្រិតបច្ចេកទេសដោយឡែកៗ ជាមួយថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងការរៀបចំគម្រោងជាក់លាក់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ។
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសឲ្យកាន់តែមានចំនួនច្រើន មកបណ្តាក់ទុននៅកម្ពុជាបន្ថែម និងគាំពារវិនិយោគពីបរទេស កម្ពុជាបាននឹងកំពុងអនុវត្តនូវបរិយាកាសធុរកិច្ច អំណោយផលមិនតែចំពោះអ្នកវិនិយោគិនអូទ្រីសនោះឡើយ គឺបានធ្វើឡើងចំពោះវិនិយោគគិនបរទេសទាំងអស់។
លោកបន្តថា “កម្ពុជា ជាប្រទេសមួយក្នុងចំណោមឯកទគ្គករកំណើនទាំង៨ នៅក្នុងពិភពលោក ដែលមានកំណើនរឹងមាំក្នុងអត្រា៧,៧ភាគរយ ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ។ ចំណែកការគ្រប់គ្រងបំណុលសាធារណៈ កម្ពុជាមានភាពប្រសើរឡើងបំផុតផងដែរ ដែលការសម្រេចបានទាំងនេះ គឺស្ថិតក្រោមការដឹកនាំដ៏វៃឈ្លាស ប្រកបដោយភាពប្រាកដនិយម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក-រដ្ឋមន្ត្រីនៃកម្ពុជា៕











