តើជនជាតិកូរ៉េប៉ុន្មាននាក់កំពុងរស់នៅ និងវិនិយោគនៅកម្ពុជា?

0

ដោយ គង់ សូរិយា
ភ្នំពេញ៖ មុនការមកដល់របស់អ្នកវិនិយោគចិនក្នុងវិស័យសំណង់ និងអចល ទ្រព្យអ្នកវិនិយោគកូរ៉េបានឈរចំណាត់ថ្នាក់លេខ១នៅកម្ពុជា ប៉ុន្តែពីរឆ្នាំកន្លងមកចិនបានចូលមកជំនួសកូរ៉េ ក្នុងនាមជាអ្នកវិនិយោគទី១លើវិស័យសំណង់ និង​អចលនទ្រព្យនៅកម្ពុជា។

អ្នកវិនិយោគកូរ៉េបានផ្តល់នូវកាលានុវត្តន៍ភាពថ្មី និងចូលរួមផ្លាស់ប្តូរមុខមាត់រាជធានីភ្នំពេញផងដែរ ពិសេសទីក្រុងរណបតំបូងគេ គឺ CAMKO CITY គំរោង​ De Castle, និងគំរោងវិនិយោគធំៗជាច្រើនទៀត។

ហេតុអីកូរ៉េវិនិយោគច្រើននៅកម្ពុជា ប្រធានសមាគមជនជាតិកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាលោក ផាក យុនបានអះអាងឲ្យដឹងនាព្រឹកថ្ងៃទី១ មិនានេះថា ការកើនឡើងរបស់អ្នកវិនិយោគិនកូរ៉េនៅកម្ពុជា គឺដោយសារប្រទេសមួយនេះមានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ខណៈរហូតដល់បច្ចុប្បន្ននេះមានអ្នកវិនិយោគ និងប្រជាជនកូរ៉េជាងពីរម៉ឺននាក់កំពុងរស់នៅ និងប្រកបធុរកិច្ចនៅកម្ពុជា។

លោកថ្លែងឲ្យដឹងបែបនេះ នៅក្នុងកម្មវិធីជួបជុំ និងអបអរសាទរទិវាចលនាឯករាជ្យ លើកទី៩៩ និងជំនួបជាថ្មីរវាងកូរ៉េនិងកម្ពុជា ដែលធ្វើឡើងនៅសមាគមជនជាតិកូរ៉េប្រចាំកម្ពុជា ស្ថិតក្នុងខ័ណ្ឌសែន សុខរាជធានាភ្នំពេញ នាថ្ងៃទី១ខែមីនាឆ្នាំ២០១៨នេះក្រោមអធិបតីភាពលោក អូ ណាក់ យ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា។

លោកផាក យុនបានបញ្ជាក់ថា “មកដល់បច្ចុប្បន្ន ប្រជាជនកូរ៉េ និងអ្នកវិនិយោគទុនផ្សេងៗលើវិស័យជាច្រើន ដូចជាវិស័យសំណង់ វិស័យសុខាភិបាល វិស័យហេដ្ឋារចនាសម្ព័ន្ឋ និងវិស័យសេវាកម្មជាដើម”។

លោកបន្តថា អស់រយៈពេល២១ឆ្នាំហើយ ដែលសមាគមជនជាតិកូរ៉េ បានបង្កើតនៅក្នុងប្រទេសកម្ពុជា ក្នុងចន្លោះពេលនេះ សមាគមបានចាត់ចែងជួយឧបត្ថមគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបនូវការលំបាក នៅតាមជនបទដាច់ស្រយាលឆ្ងាយៗ ដូចជាបានជួយទៅលើផ្នែកថ្នាំពេទ្យ សំលៀកបំពាក់ មណ្ឌល សុខភាព ផ្តល់អណ្តូងទឹក និងផ្តល់បន្ទប់រៀនជាច្រើនកន្លែងជួយដល់កុមារតូចៗដែលជួបការលំបាក មិនអាចទៅសិក្សានៅតាមសាលាបឋមសិក្សា និងនៅតាមអនុវិទ្យាល័យជាដើមនោះ។

សមាគមជនជាតិកូរ៉េប្រចាំនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ជួយជ្រោម​ជ្រែងថែរក្សាឲ្យមានលក្ខណៈល្អប្រសើរជាប្រចាំ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជាលោកអូ ណាក់ យ៉ុងបានផ្តាំផ្ញើរដល់សមា​គមជនជាតិកូរ៉េនៅកម្ពុជា ត្រូវថែរក្សានូវទំនាក់ទំនងល្អ ជាមួយប្រជាជនកម្ពុជា និងខិតខំជម្រុញអ្នកវិនិយោគទុន មកបង្កើតការវិនិយោគនៅប្រទេសកម្ពុជាឲ្យបានច្រើន ខិតខំថែរក្សាវប្បធម៌ប្រពៃណី រវាងប្រទេសប្រទេសទាំងពីរ(កម្ពុជានិងកូរ៉េ) ដែលល្អផូផង់តាំងពីយូរយាណាស់មកហើយនោះ កាន់តែល្អប្រសើបន្ថែមទៀត។

លោកបន្តថា “ខ្ញុំនឹងខិតខំជំរុញឲ្យសមាគមជនជាតិកូរ៉េនៅកម្ពុជា ឲ្យថែរក្សានូវទំនាក់ទំនងល្អជាមួយប្រជាជនកម្ពុជា និងមកវិនិយោគនៅប្រទេសកម្ពុជា ឲ្យបានច្រើនថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here