ស្របពេលដែលចំនួនអ្នកវិនិយោគចិនបាន និងកំពុងសម្រុកមកធ្វើការបណ្តាក់ទុននៅកម្ពុជាយ៉ាងគំហុគ ជាពិសេស លើវិស័យអចលនទ្រព្យនៅលើដែនដីតំបន់ទេចរណ៍នាខេត្តព្រះសីហនុនោះ គណៈប្រតិភូរបស់ក្រុមហ៊ុន CHINA GAS ដែលជាក្រុមហ៊ុនដ៏ធំជាងគេ និងល្បីឈ្មោះលើការផលិត និងចែកចាយ ហ្គាស យ៉ាងទូលាយនៅក្នុងប្រទេសចិន បានបង្ហាញពីគម្រោងបោះទុនវិនិយោគអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយដាក់ទីតាំងរបស់ខ្លួននៅខេត្តព្រះសីហនុ ។
លោក Deng Yao Bo អគ្គនាយករងក្រុមហ៊ុន China Gas បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានគោលបំណងចង់មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ដោយនៅក្នុងនោះ ផ្ដោតទៅលើផ្នែកចំនួន3 រួមមានដូចជា ការលក់ហ្គាស ការបង្កើតភ្លើងដោយប្រើហ្គាសធម្មជាតិ (NPG) និងការតភ្ជាប់បណ្តាញបំពង់ហ្គាសនៅតាមផ្ទះប្រជាពលរដ្ឋ។ ជាមួយគ្នានោះផងដែរ លោក Deng Yao Bo ក៏បានបញ្ជាក់ថា ចំពោះហ្គាសដែលគ្រោងនាំយកមកធ្វើអាជីវកម្មនៅក្នុងខេត្តព្រះសីហនុ គឺមានចំនួន2ប្រភេទ គឺប្រភេទ LPG និងប្រភេទ NPG ហើយម្យ៉ាងវិញទៀត ហើយប្រសិនបើមានការឯកភាពពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា នោះលោកនឹងលើកឡើងជាគម្រោង ដើម្បីឱ្យអ្នកជំនាញរបស់ក្រុមហ៊ុនចុះមកធ្វើការសិក្សាពីទីតាំង និងលទ្ធភាពក្នុងធ្វើអាជីវកម្មក្នុងពេលដ៏ខ្លីខាងមុខ។