អាជ្ញាធររាជធានីភ្នំពេញព្រមានផ្អាកអាជីវកម្មចំពោះអាហារដ្ឋានគ្មានអនាម័យ

0

ដោយ វុត្ថា

ភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ បានព្រមានផ្អាកអាជីវកម្មចំពោះអាហារ  ដ្ឋានគ្មានអនាម័យ ស្របពេលបច្ចុប្បន្ននៅតាមគោលដៅទេសចរណ៍មួយចំនួនមិនទាន់អនុវត្តន៍ឱ្យបានល្អប្រសើរ នូវគោលការណ៍ណែនាំអំពី«ទីក្រុងស្អាត សេវាកម្មល្អ»។

លោក នូ សិរីរ័ត្ន អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ថ្លែងក្នុងបើកវគ្គបណ្តុះបណ្តាល វិស័យបដិសណ្ឋារកិច្ចសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនាព្រឹកថ្ងៃទី២ ខែមីនានេះថា បើសិនជាមូលដ្ឋានអាជីវកម្ម ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈណាមួយ ត្រូវបានរកឃើញពីភាពខ្វះអនាម័យ និងពុំមានអាជ្ញាប័ណ្ណគ្រប់គ្រាន់នោះទេ នឹងត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្ន រហូតដល់រយៈពេល៣ខែ។ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យរកអាហារដ្ឋានណា ដែលគ្មានអនាម័យ និងច្បាប់គ្រប់គ្រាន់ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាល ឆ្នាំ២០១៨នេះ។

លោកបានបន្តថា “វិធានការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាព និងបង្កើនចំណេះដឹង ដល់បុគ្គលិកដែលកំពុងបម្រើការងារផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈឱ្យមានសេវាកម្មល្អប្រសើរ ទាំងចំណេះដឹង និងចំណេះធ្វើ ដើម្បីរក្សាភាពថ្លៃថ្នូរ ទាំងអ្នករត់តុ និងភ្ញៀវ”។

លោកបន្តថា ការដាក់ចេញនូវវិធានការទាំងនេះ ដើម្បីធានាថាម្ចាស់ហាងអាជីវកម្មទាំងនោះ បានអនុវត្តន៍នូវសេវាកម្មម្ហូបអាហារ និងភេសជ្ជៈប្រកបដោ​យ​អនាម័យ សុវត្ថិភាពដល់អ្នកបរិភោគ។

លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនបានឱ្យដឹងថា សេវាកម្មផ្នែកបដិសណ្ឋារកិច្ច និងម្ហូបអាហារ គឺជាកត្តាចាំបាច់បំផុត ដែលជួយជំរុញដល់កំណើនទេសចរ មកកាន់ប្រទេសកម្ពុជា។ លោកបន្តថា វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ត្រូវការទាំងកន្លែងស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មក្នុងវិស័យបដិសណ្ឋារកិច្ចលំដាប់ខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា មូលដ្ឋានបម្រើសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ចសណ្ឋាគារទាំងអស់ ត្រូវពង្រឹងគុណភាព សេវាកម្មស្នាក់នៅ អនាម័យ ភាពស្អាត ភាពរួសរាយរាក់ទាក់របស់បុគ្គលិក រួមនឹងតម្លៃសមរម្យ នៃការលក់ដូរ ខណៈរាជរដ្ឋាភិបាលដាក់ផែន​ការទាក់ទាញកំណើន ទេសចរបរទេសមកកាន់កម្ពុជា ឱ្យកើនឡើងដល់៧.៥លាននាក់ នៅត្រឹមឆ្នាំ២០២០ ជាមួយនឹងចំណូលសេដ្ឋកិច្ចជាតិប្រមាណ៥ពាន់លានដុល្លារអាម៉េរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here