ដោយ ដែន ចែងចាំង
ភ្នំពេញ៖ Plantoza Café & Bistro ហាងកាហ្វេលំដាប់ពិភពលោកមួយទៀត បានឈានជើងចូលទីផ្សារកម្ពុជា ស្របពេលទីផ្សារហាងកាហ្វេនៅកម្ពុជា កាន់តែមានប្រជាប្រិយភាព និងកំពុងជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ។
អគ្គនាយកក្រុមហ៊ុនអេសធីអាយ អ៊ិនវេសមេនគ្រុប លោកយឹម សារ៉ាត់ បានថ្លែងក្នុងវេទិកាយល់ដឹងពីការប្រកបអាជីវកម្មដោយអាជ្ញាប័ណ្ណ និងលក្ខណៈកម្មសិទ្ធបញ្ញាកាលពីចុងសប្តាហ៍មុននេះថា Plantoza Café & Bistro ដែលមានFranchiseជាលក្ខណៈអន្តរជាតិ និងល្បីល្បាញនៅលើពិភពលោកបានឈានជើងមកដល់ទីផ្សារកម្ពុជាហើយ។ លោកបន្តថា Plantoza Café & Bistro នឹងផ្តល់ជូនអ្នកចាប់អារម្មណ៍មានសិទ្ធលក់បន្ត នឹងផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរ ដែលចង់បើកហាងកាហ្វេអាចទិញសិទ្ឋអាជីវកម្មបាន ដោយគ្រាន់តែចំណាយហ្វ្រេនឆាយដំបូងត្រឹមតែ១ម៉ឺនដុល្លារ និងមានអ្នកជំនាញទៅរៀបចំជូន តាំងពីដំបូងរហូតដល់ថ្ងៃសម្ពោធហាង។
លោកបន្តថា “ការធ្វើពាណិជ្ជកម្មមានកម្មសិទ្ធបញ្ញា គឺផ្តល់ការជឿជាក់ដល់អតិថិជនកាន់តែខ្លាំង ពិសេសទៅលើគុណភាព អនាម័យ និងតម្លៃសមរម្យ។ លោកបន្តថា “ការមានស្តង់ដា មានរចនាបថ មានគំរូរ និងងាយស្រួលក្នុងការពង្រីកវិសាលភាព ដែលមិនសូវមានហានិភ័យ ដូចការធ្វើពាណិជ្ជកម្មដែលគ្មាន Franchise នោះទេ។
លោកយឹម សារ៉ាន់បានបន្តថា អ្នកដែលចង់ទិញសិទ្ធលក់បន្តនូវហាងកាហ្វេនេះ ត្រូវមានដើមទុនចន្លោះពី៤ទៅ១០ម៉ឺនដុល្លារ ហើយត្រូវមានទំនុកចិត្តទៅលើអ្នកបំរើការឱ្យខ្លួន ព្រោះថាយីហោមួយនេះមានភាពលេចធ្លោខ្លាំង ពិបាកនឹងរកដៃគូប្រកួតប្រជែងនៅកម្ពុជា និងនៅអាស៊ី៕