ទឹកប្រាក់ជាង ១៣០០លានដុល្លារបានចាក់ចូលក្នុងវិស័យរ៉ែ

0

ដោយ គង់ សូរិយា

ភ្នំពេញមន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងឲ្យដឹងថា គិតមកដល់ពេលនេះទឹកប្រាក់ជាង១៣០០លាន​ដុល្លារ បានវិនិយោគលើវិស័យរ៉ែ និងប្រេងកាតនៅកម្ពុជា ដែលបានអនុម័តដោយរដ្ឋាភិបាល។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងក្នុងសន្និបាតបូកសរុបសមិទ្ធផលនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែ និងថាមពលឆ្នាំ២០១៤-២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨នាព្រឹកថ្ងៃទី៦ មិនានេះថា ការវិនិយោគរបស់អ្នកវិនិយោគបរទេ​សលើវិស័យរ៉ែ និងប្រេងកាត ដែលរដ្ឋាភិបាលបានអនុម័តរួចរាល់ រឺត្រៀមអនុម័តក្នុងឆ្នាំ២០១៨នេះ មានទំហំទឹកប្រាក់ជាង១៣០០លានដុល្លារអាមេរិក។ លោកបន្តថា ទំហំវិនិយោគដ៏ធំក្នុងវិស័យរ៉ែ និងប្រេងកាតនេះ នឹងក្លាយជាប្រភពទុនវិនិយោគដោយផ្ទាល់ពីក្រៅប្រទេសដ៏ធំសម្រា​ប់​ឆ្នាំ ២០១៨ -២០១៩ខាងមុខ។

លោកបន្តថា “សម្រាប់ឆ្នាំ២០១៨ និងឆ្នាំបន្ទាប់ៗទៀត  គឺជាពេលវេលាដែលរដ្ឋាភិបាល អាចចាប់ផ្ដើមប្រមូលផលពេញលេញ ពីរាល់ការវិនិ​យោ​​គរបស់ខ្លួនហើយ”។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា ការប្រមូលចំណូ​លពីធនធានវិស័យរ៉ែ និងប្រេងកាត ជាចំណូលមិនមែនសារពើពន្ធ បានកើនឡើងលើសពី១០ដង ដែលកាលពីឆ្នាំ២០១៣មានទំហំត្រឹមតែ២-៣លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែទំហំចំណូលមិនមែនសារពើពន្ធបានពីវិស័យ រ៉ែនិងប្រេងកាត បានកើនឡើងដល់១៧ ទៅ១៨លានដុល្លារអាមេរិក ក្នុងចន្លោះឆ្នាំ២០១៦​-២០១៧។

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consultingលោកង៉ែត ជូបានថ្លែងថា ធនធានរ៉ែ និងចំណូលបានមកពីវិស័យនេះ ជាផ្នែកដ៏សំខាន់មួយទៀតរបស់រដ្ឋាភិបាល ដើម្បីយកមកប្រើប្រាស់ក្នុងអភិ​វឌ្ឍន៍ប្រទេស ប៉ុន្តែយ៉ាងណាវាជាវិស័យថ្មីមួយ ដែលទាមទារឲ្យមានការគ្រប់គ្រងប្រកបដោយប្រសិទ្ឋភាព និងតម្លាភាព ដើម្បីជៀសវាងពីបណ្តាសារពីធនធានធម្មជាតិ។

លោកបន្តថា “ទោះជាយ៉ាងណាលោកមើលឃើញថា រដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិបានកាន់តែល្អប្រសើរ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here