កាស៊ីណូនៅខេត្តព្រះសីហនុកើនឡើងដល់ ៣០កន្លែងហើយ

0

ដោយគង់ សូរិយា

ភ្នំពេញ៖ ចំនួនកាស៊ីណូក្នុងខេត្តព្រះសីហនុ បានកើនឡើងឥតឈប់ឈរ ដោយរហូតមកទល់ពេលនេះ ទីក្រុងនេះមានកាស៊ីណូប្រមាណ៣០កន្លែងហើយ ខណៈវត្តមានជនជាតិចិន កាន់តែច្រើនបានចូលមកធ្វើការ និងវិនិយោគក្នុងខេត្តនេះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកជួន ណារិនបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ មិនានេះថា ចំនួនកាស៊ីណូបាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ដោយរហូតមកទល់ពេលនេះ មានកាស៊ីណូកំពុងដំណើរការ និងត្រៀមដំណើរការចំនួន៣០កន្លែងហើយ នៅក្នុងទីក្រុងជាប់មាត់សមុទ្រនេះ។លោកបន្តថា វត្តមានកាស៊ីណូបានធ្វើឲ្យចំនួនទេសចរណ៍កើនឡើង ខណៈជនជាតិចិនរស់នៅក្នុងខេត្តនេះមានចំ​នួនប្រមាណ៥០០០នាក់។


លោកបន្តថា “សន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្ត ត្រូវបានពង្រឹងជាប​ន្តបន្ទាប់ ដើម្បីផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនានា”។

ខេត្តព្រះសីហនុកំពុងមានការរីកចម្រើន លើវិស័យបដិសណ្ឋារកិច្ចជាច្រើន ដោយរហូតមកទល់ពេលនេះ មានសណ្ឋាគារនិងផ្ទះសំណាក់ចំនួនជិត១ម៉ឺនបន្ទប់។

លោកតាំង សុចិត្រគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងនៅថ្ងៃដដែលនេះថា ខេត្តព្រះសីហនុមានសណ្ឋាគារប្រមាណ៨៨នាពេលបច្ចុប្បន្ននេះ និងមានបន្ទប់ជិត៤០០០បន្ទប់ និងផ្ទះសំណាក់ បឹងហ្កាឡូនានាជាង៣០០កន្លែង និងមានបន្ទប់សរុបចំនួនជាង៤០០០បន្ទប់ ដែលបាននិងកំពុងដំនើរ​ការ ហើយនៅចុងឆ្នាំនេះសណ្ឋាគារចំនួន១០ទៀត និងមានបន្ទប់សរុបប្រមាណ១០០០បន្ទប់ នឹងបើកដំណើរការផងដែរ ដើម្បីឆ្លើយតបនឹងកំនើនទេ​សចរណ៍ និងអ្នកវិនិយោគនានា។

លោកបន្តថា “ដោយសារសណ្ឋាគារភាគច្រើន ត្រូវបានជួលដោយជនជាតិ​ចិនធ្វើកាស៊ីណូ បានធ្វើឲ្យចំនួនបន្ទ​ប់តែងមានភាពខ្វះខាតនៅចុងសប្តាហ៍ ប៉ុន្តែនៅឆ្នាំ២០១៨ និង២០១៩ខាងមុខនេះ សណ្ឋាគារលំដាប់ផ្កាយប្រាំបីទៅបួនទៀត​នឹងបើកដំណើរការ ដែលអាចជួយសម្រាលកង្វះខាតបន្ទប់ស្នាក់នៅ”។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនក៏បានស្នើឲ្យអ្នកវិនិយោគជាតិ និងអន្តរជាតិបន្តវិនិយោគលើវិស័យបដិសណ្ឋារកិច្ច បន្ថែមទៀតនៅខេត្តព្រះសីហនុ ដើម្បីឆ្លើយតបនឹងតម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here