កម្ពុជា ចិនធ្វើអ្វីខ្លះនៅកម្ពុជាដើម្បីទាក់ទាញការវិនិយោគ

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលបានវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិនឆ្នាំ២០១៨ដើម្បីបង្ហាញពីសក្តានុពល និងបង្កើតឱកាសនៃការវិនិយោគ កាន់តែច្រើននៅកម្ពុជា ជាពិសេសទាក់ទាញអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

វេទិកានេះនឹងរៀបចំនៅថ្ងៃទី៧ មិនានេះ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នកម្ពុជាពាក់ព័ន្ធ តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្មអន្តរជាតិចិន ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន តំណាងប្រចាំកម្ពុជានៃអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងតំណាងក្រុមហ៊ុនចិនប្រមាណ៤០ក្រុមហ៊ុន។

លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ភាគីចិនតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការយ៉ាងច្រើន ក្នុងការកសាង និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ជាពិសេស អ្នកវិនិយោគចិន ដែលតែងតែផ្តល់ទំនុកចិត្ត ដល់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងអំណរគុណ ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេស អ្នកវិនិយោគចិន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។

ឯកឧត្តមបន្តថា “វេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-ចិន ឆ្នាំ២០១៨នេះ ពិតជាមានសារៈសំខាន់ ព្រោះបានជំរុញធុរជនចិនមកសិក្សាស្វែងយល់ ដោយផ្ទាល់ពីកាលានុវត្តភាពនិងសក្តានុពលសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា”។លោកបន្តថា “ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជានោះ យើងស្វាគមន៍នូវរាល់ការវិនិយោគទាំងអស់ និងធានាផ្តល់កិច្ចសម្រួ​លការវិនិយោគ ដែលមានប្រសិទ្ធភាព តម្លាភាព និងបង្កើតនូវបរិស្ថានអំណោយផល សម្រាប់អ្នកវិនិយោគទាំងអស់”។

វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា ចិនឆ្នាំ២០១៨ ដែលត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយអង្គការ UNIDO សភាពាណិជ្ជកម្មអន្តរជាតិចិន និងក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន ដែលបានរៀបចំធ្វើឡើងនេះ ក្នុងគោលបំណងសំខាន់ផ្តល់ឱកាសសម្រាប់ការពិភាក្សាគ្នា រវាងក្រុមហ៊ុនដែលកំពុងមានសកម្មភា​ពនៅកម្ពុជាជាមួយនឹងក្រុមហ៊ុនចិន ដែលមានចំណាប់អារម្មណ៍ និងកំពុងស្វែ​ង​រ​កលទ្ធភាពធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន ដូចជាវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ សុខាភិបាល ភស្តុភារកម្ម និងថាមពលជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here