ដំណឹងល្អ! កម្ពុជានឹងទទួលបានដំណក់ប្រេងពិតប្រាកដនៅឆ្នាំ២០១៩

0

ដោយគង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានថ្លែងថា កម្ពុជានឹងទទួលបានដំណក់ប្រេងដំបូង ពីអណ្តូងប្រេងប្លុកអេ បន្ទាប់ពីក្រុមហ៊ុនដែលទទួលសិទ្ធអភិវឌ្ឍន៍ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងនៅលើគម្រោងរបស់ខ្លួន។

អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពលលោកជៀប សួរបានលើកឡើងនៅក្នុងសន្និសីទព័ត៌មាន បន្ទាប់ពីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៤- ២០១៧ និងលើកទិសដៅ ឆ្នាំ២០១៨កាលពីម្សិលម៉ិញនេះថា នៅក្នុងឆ្នាំ២០១៩ខាងមុខនេះ កម្ពុជានឹងបានដំណើរការគម្រោងអភិវឌ្ឍន៍ធំៗចំនួនពីរ គឺគម្រោងអភិវឌ្ឍន៍ប្រេងកាតប្លុកA និងគម្រោងរោងចក្រចម្រាញ់ប្រេងផងដែរ ក្នុងនោះចំពោះ​ការអភិវឌ្ឍន៍អណ្តូងប្រេងកាតប្លុកA គឺបានកំពុងសម្រួលលើកិច្ចការមួយចំនួនជាមួយក្រសួង ក្នុងនោះគណៈកម្មការអន្តរក្រសួង បានពិនិត្យជាប្រចាំលើកការងារវាយតម្លៃបច្ចេកទេស និងមានការប្រជុំជាមួយក្រុមហ៊ុនជារៀងរាល់ខែផងដែរ ដើម្បីឈានទៅអនុវត្តន៍ ក្នុងដំណើរការឆ្ពោះទៅផលិតប្រេ​ង ។

បន្ទាប់ពីការចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុន KRISENERGY បានអនុវត្តន៍ការងារជាច្រើនផងដែរដូចជា ការយកគំរូទឹកសមុទ្រនៅតំបន់ប្លុកអេយកទៅវិភាគ និងនៅថ្ងៃទី១៣ ខែមិនា ខាងមុខនេះ ក្រុមហ៊ុននឹងបញ្ជូនកប៉ាលទៅមួយទៀត ដើម្បីសិក្សាពីសណ្ឋានដី នឹងចាប់ផ្តើមសាងសង់មូលដ្ឋានប្រេងកាត។ ឯកឧត្តមបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងគូសប្លង់គម្រោងសាងសង់ ហើយសម្រាប់ជំហានបន្ទាប់ គឺការដាក់ដេញថ្លៃការសាងសង់មូលដ្ឋាននោះ។ ក្រោយពីគម្រោងអភិវឌ្ឍន៍ខាងលើ ក្រុមហ៊ុនបានសិក្សារួចហើយ ក្នុងការបញ្ជូនផលិតកម្មញែកល្បាយប្រេង និងការដាក់ឲ្យដេញថ្លៃក្នុងពេល​ឆាប់ៗផងដែរ ។

លោកជៀប សួរបានបន្តថា “ការរៀបចំដំណើរការនៅលើគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងកាតប្លុក A នាពេលបច្ចុប្បន្នកំពុងដំណើរការដោយរលូន ពុំមានការងារអសកម្មណាមួយយឺតយ៉ាវនៅឡើយ”។លោកបន្តថា “ដូច្នេះខ្ញុំសង្ឃឹមថា នៅក្នុងឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងទទួលបានដំណក់ប្រេងដំបូង”។

លោកបន្តថា ទាក់ទិននឹងគម្រោងអភិវឌ្ឍន៍អណ្តូងប្រេងប្លុកះអេនេះ ក្រុមហ៊ុនតែងតែចូលរួមប្រជុំបច្ចេកទេសជាមួយក្រសួង និងការធ្វើប្រជាបតិជាមួយអ្នកនេសាទ នៅក្នុងទឹកដីខេត្តកោះកុង ព្រះសីហនុ និងខេត្តកំពត រួមជាមួយអាជ្ញារខេត្ត ស្រុក ដើម្បីធ្វើការពិគ្រោះបល់ ដើម្បីឈានដល់ដំណើ​រការខូងអណ្តូងប្រេងកាត នៅលើគម្រោងអភិវឌ្ឍន៍របស់ខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោកស៊ុយ សែមបានថ្លែងថា រដ្ឋាភិបាលបានអនុម័តឲ្យក្រុមហ៊ុនមួយចាប់ផ្តើមសិក្សា និងធ្វើអាជីវកម្ម​ប្រេងនៅប្លុកDមួយទៀត ដែលការសម្រេចនេះ បានធ្វើឡើងដោយសម្តេចតេជោ​ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។

ផលលាភបានទទួលពីធនធានរ៉ែនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដោយកាលពីឆ្នាំមុន កម្ពុជាទទួលបានចំណូលពីធនធានរ៉ែ ចំនួន១៨លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here