ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងថា គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ឱកាសឲ្យកម្ពុជា កសាងបាននូវសេដ្ឋកិច្ចមួយមានភាពរឹងមាំ និងកំពុងប្រែក្លាយពីប្រទេសមានចំណូលមធ្យមកំរិតទាប ឈានទៅជាប្រទេស មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងលើកឡើង នៅក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឆ្នាំ២០១៧ និងលើកទិសដៅការងារអនុវត្តន៍ បន្តកាលពីម្សិលម៉ិញនេះថា នៅក្នុងយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជារក្សានូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៧,៧% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប និងអត្រាប្តូប្រាក់មានលំនឹងល្អ។ ជាមួយនេះអត្រាកាត់បន្ថយភាពក្រីក្រវិញ កម្ពុជាបានទទួលចំណាត់ថ្នាក់ជាប្រទេសជោគជ័យទី៤ លើពិភពលោក។ ចំណែកតាមរយៈសូចនាករសង្គម គឺការកើនឡើងនៃផលទុនជាតិសរុបក្នុងស្រុក (ផសស) ក្នុងនោះចំណូលមនុស្សម្នាក់ពី១.០៤២ ដុល្លារអាមេរិកនៅឆ្នាំ២០១៣ មក ១.៤៣៥ដុល្លារអាមេរិកនៅឆ្នាំ២០១៧ ក្នុងមួយឆ្នាំ។