តោះ​ទៅ​មើល​ពិព័រណ៍​ពាណិជ្ជកម្ម​ជា​លើកតំបូង​របស់​ខេត្តរតនគិរី

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម សហការ​ជាមួយ​អាជ្ញាធរ​ខេត្តរតនគិរី បានរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​លើក​ទី១ ឆ្នាំ២០១៨ ដើម្បី​បង្ហាញ​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត ក៏ដូចជា​ព្យាយាម​ទាក់ទាញ​អ្នកវិនិយោគ។

លោក​ញ៉ែម សំអឿន អភិបាលរង​ខេត្តរតនគិរី​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​ពិព័រណ៍​កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ថា ការរៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ ក្នុង​គោលបំណង បង្ហាញ​នូវ​ផលិតផល​សក្តានុពល និង​សេវាកម្ម​ដែលមាន​នៅក្នុង​ខេត្ត ដើម្បី​បង្កើន​ការទាក់ទាញ​វិនិយោគ និង​បង្កើត​បរិយាកាស​ធុរកិច្ច​នៅក្នុង​ខេត្ត ឲ្យ​កាន់តែ​ល្អប្រសើរ និង​ដើម្បី​ផ្តល់​លទ្ធភាព​ងាយស្រួល ជូន​វិស័យ​ឯកជន​របស់​យើង ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​ពង្រីក​ទីផ្សារ​ស្របតាម​របត់​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក​វ៉េង សុធី បាន​មានប្រសាសន៍ថា ពិព័រណ៍​ពាណិជ្ជកម្ម​ខេត្តរតនគិរី គឺជា​វេទិកា​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់ សម្រាប់​ឲ្យ​ពាណិជ្ជករ​អាច​សិក្សា​ស្វែងយល់​ពិភាក្សាគ្នា និង​ផ្លាស់ប្តូរ​គំនិត​ទៅវិញទៅមក​ក្នុង​ប្រយោជន៍​បង្កើត​ដៃគូ​ពាណិជ្ជកម្ម និង​ចែករំលែក​បទពិសោធន៍ ដើម្បី​ឈានទៅ​បង្កើត​ផលិតផលថ្មីៗ ដែលមាន​គុណភាព​ខ្ពស់ តម្លៃ​អាច​ប្រកួតប្រជែង​បាន និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ក៏ដូចជា​ទីផ្សារ​នាំចេញ​នាពេល​អនាគត។

លោក​បន្តថា “លទ្ធផល​សំខាន់បំផុត ដែល​លោក​ចង់បាន​ពី​ពិព័រណ៍​ពាណិជ្ជកម្ម​ខេត្តរតនគិរី​លើក​ទី១ ដែលមាន​រយៈពេល៥ថ្ងៃនេះ គឺ​ការចុះកិច្ចសន្យា​ទិញ-លក់ និង​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រួមគ្នា។ លោក​បន្តថា “ខ្ញុំ​សូម​ជំរុញ​ឲ្យ​អាជីវករ ពាណិជ្ជករ​ទាំងអស់ ប្រើពេល​វេលា​ដ៏​មានតម្លៃ​នេះ ដើម្បី​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយគ្នា​លក្ខណៈ​យូរអង្វែង។

ការរៀបចំ​ពិព័រណ៍​ពាណិជ្ជ​កម្មនេះ មាន​ស្តង់​សរុប​ចំនួន៧១ស្តង់ ដែល​កំពុង​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី១៤-១៨ ខែមីនា ឆ្នាំ២០១៨ នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here