ដំណឹង​ល្អៈ!! កូរ៉េ​ទទួលយក​ពលករ​ខ្មែរ​ប្រមាណ​ជាង៤០០០នាក់​នៅ​ឆ្នាំនេះ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ប្រទេស​កូរ៉េ​បានសម្រេច​ទទួលយក​ព​លករ​កម្ពុជា៤០០០នាក់​បន្ថែមទៀត ទៅធ្វើ​ការ​នៅ​ប្រទេស​របស់ខ្លួន បើទោះបីជា​ប្រទេស​នេះ​ផ្តល់​កូតា​បន្ថែម​ដល់​ប្រទេស​ថ្មី​មួយទៀត​ក្តី តែ​មិន​ប៉ះពាល់​ដល់​ចំនួន​ពលករ​កម្ពុជា ដែល​ប្រទេស​នេះ​ទទួលយក​នោះទេ។

ក្នុងជំនួប​ជាមួយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក​អូ ណាក់​យ៉ុង​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា នៅ​ឆ្នាំ២០១៨នេះ​កូរ៉េ នឹង​ផ្តល់​កូតា​ចំនួន​ប្រមាណ៤០០០នាក់ ដែល​ចំនួន​នេះ​មាន​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន។លោក​បន្តថា ប្រទេស​កូរ៉េ​បានសម្រេច​ទទួលយក​ព​លករ​ពី​ប្រទេស​ផ្សេង ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ចំនួន​ពលករ​កម្ពុជា ដែល​ប្រទេស​កូរ៉េ​ត្រូវ​ទទួលយក​នោះទេ។

យោងតាម​មន្ត្រី​ជំនាញ​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា ពលករ​កម្ពុជា​បានធ្វើ​ការល្អ​ជាងគេ​នៅ​ប្រទេស​កូរ៉េ ដោយសារ ពួកគេ​បាន​គោរព​ច្បាប់​ការងារ មិន​ខ្ជិលច្រអូស និង​ជា​ពលករ​មាន​ភាព​ឧស្សាហ៍​ព្យាយាម ទើប​ប្រទេស​កូរ៉េ​បានផ្តល់​ចំនួន​កូតា​ច្រើន​ដល់​កម្ពុជា។

លោក​អ៊ិត សំហេង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ចំនួន​ប្រទេស​ដែល​ទទួលបាន​ប្រ​ព័​ន្ឋ​អនុគ្រោះ (PPS) នាពេលនេះ​បាន​កើនឡើង​ប្រទេសមួយ​ថែមទៀត ដូច្នេះ​ភាគី​កូរ៉េ​នឹង​កាត់​កូតា​ពី​ក្នុងប្រទេសចាស់ៗ ដើម្បី​បន្ថែម​កូតា​ដល់​ពលករ​ទៅ​ឲ្យ​ប្រទេស​ថ្មី ប៉ុន្តែ​បញ្ហា​នេះ​ក៏​មិន​ប៉ះពាល់​មកដល់​កម្ពុជា​នោះទេ។ លោក​បន្តថា កម្ពុជា​បានស្នើរ​កូរ៉េ​ជួយ​លើ​ជំនាញ​សេវាកម្ម​បន្ថែម​ពីលើ​ជំនាញ​បច្ចុប្បន្ន គឺ​ជំនាញ​ឧស្សាហកម្ម​និង​កសិកម្ម ហើយ​បញ្ហា​នេះ ភាគី​កូរ៉េ​សុំ​ពេល​ពិចារណា​ផងដែរ ខណៈដែល​នៅ​ប្រទេស​កូរ៉េ​មិនទាន់​បានគិត​លើ​ជំនាញ​នេះ​នៅឡើយ។

គិត​មកទល់ពេលនេះ​ពលករ​ខ្មែរ ដែល​បាននិងកំពុង​ធ្វើការ នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន​សរុប​ជាង៥៤,០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here